សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (PAP)
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People's Action Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។
នៅក្នុងជំនួបនេះ
សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំណើននៃចំនួនអាសនៈក្នុងសភា
ក៏ដូចជាសំឡេងឆ្នោតគាំទ្រគណបក្ស PAP ដែលជាគណបក្សកាន់អំណាច
បង្ហាញឲ្យឃើញច្បាស់នូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសង្ហបុរី ចំពោះការដឹកនាំរបស់
លោក Lawrence
Wong ជានាយករដ្ឋមន្ត្រី។
សម្តេចបានបញ្ជាក់បន្តថា៖ «ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនា
ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តមបានទទួលដំណែងជានាយករដ្ឋមន្ត្រី
យើងទាំងពីរបានពិភាក្សាគ្នាជាច្រើន ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស
និងប្រជាជនយើងទាំងពីរ»។
សម្តេចបានបន្តទៀតថា៖ «ឆ្នាំនេះគឺជាខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី។
ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី
យើងនឹងមានឱកាសធ្វើការរួមគ្នាដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអោយកាន់តែល្អប្រសើរបន្ថែមទៀត
ដែលនឹងផ្តល់ ផលប្រយោជន៍រួមជូនប្រទេសនិងប្រជាជនយើងទាំងពីរ»។
សម្តេចបវរធិបតី
នឹងរង់ចាំស្វាគមន៍ លោក Lawrence
Wong នាយករដ្ឋមន្ត្រីសិង្ហបុរី
មកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលអនាគត៕
Post a Comment