គណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ប្រកាសទទួលស្គាល់គណ:កម្មាធិការគណបក្សមូលដ្ឋាន ព្រមទាំងសាខាគណបក្ស ចំណុះគណ:កម្មាធិការគណបក្សស្រុក

ខេត្តកំពង់ធំ៖ លោក ហាក់ ម៉ុងហួត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ  និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក  នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់គណ:កម្មាធិការគណបក្សមូលដ្ឋាន គណ:កម្មាធិការសាខាគណបក្ស សាខាគណបក្ស ចំណុះគណ:កម្មាធិការគណបក្សស្រុកតាំងគោក ។អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោក លោកស្រី ក្រុមការងារគណកម្មាធិការគណបក្សស្រុក ឃុំ យុវជន ប្រមាណ៧៥០នាក់។

ថ្លែងនៅក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការបក្ស លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យ ភូមិ ឃុំ យុវជនយើង ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន បទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈរបស់គណបក្ស ក្នុងការខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋគ្រាលំបាក ជាពិសេសសម័យកូវីដ១៩ជាដើមដែលធ្វើអោយស្រុកយើងមានការគ្រប់គ្រងស្ថានភាពបានយ៉ាងល្អ និងថ្លែងអំណរគុណចំពោះការជឿជាក់ ស្រឡាញ់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានទទួលនូវជ័យជម្នះគ្រប់អាណត្តិជាបន្តបន្ទាប់ ។

ជាមួយគ្នានេះផងដែរ លោកប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធី និងបានជម្រាបជូនសមាជិក សមាជិកាអំពីគុណតម្លៃនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាននិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនោះដែរលោកបានវាយតម្លៃចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ និតីរដ្ឋនៅកម្ពុជាត្រូវបានការពាររឹងមាំ និងការអភិវឌ្ឍន៍ឥតឈប់ឈរដែលបានធានាដល់ការពង្រឹងស្ថេរភាព សណ្តាប់ធ្នាប់សាធារណ:  ការគោរពសិទ្ធសេរីភាពគ្រប់បែបយ៉ាង ។គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។គណបក្សប្រជាជនកម្ពុជា តម្កល់ខ្ពស់ឧត្តមគតិស្នេហាជាតិបរិសុទ្ធ គោរពតួនាទីរបស់ប្រជាជនដែលជាអ្នកកសាងឡើងនូវប្រវត្តិសាស្រ្ត លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងប្រកាន់យកវិធីត្រិះរិះពិចារណាវិចារវិទ្យាសម្ភារ:និយមជាមូលដ្ឋានសតិអារម្មណ៏របស់គណបក្សក្នុងការបំពេញបេសកម្មបំរើប្រទេសជាតិ និងប្រជាជន។ដើម្បីសម្រេចនូវសកម្មភាពដ៏ឧត្តុងឧត្តមនេះ គណបក្សត្រូវខិតខំកសាងខ្លួនឲ្យរឹងមាំខ្លាំងក្លា ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដែលឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចនយោបាយនៅគ្រប់កាល:ទេស និងគ្រប់ស្ថានភាព។

ដើម្បីពង្រឹងមូលដ្ឋានសម្រាប់ការយល់ដឹងអំពីគោលការណ៍កសាងគណបក្ស មន្រ្តី សមាជិកគណបក្ស និងរាល់អង្គការចាត់តាំងគណបក្ស គប្បីក្តាប់ឲ្យច្បាស់នូវខ្លឹមសារសំខាន់ៗ ចាំបាច់មួយចំនួន នៃគោលការណ៏កសាងគណបក្សចំនួន៦ ដូចខាងក្រោម ៖

១-គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ

 ២-គោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ

 ៣-គោលការណ៍ សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស

 ៤-គោលការណ៍ ស្វ័យត្រួតពិនិត្យ និងជួយមតិគ្នាទៅវិញទៅមក

 ៥-គោលការណ៍ រក្សាការភ្ជាប់ជិតស្និទ្ធ រវាងគណបក្សនិងប្រជាជន

 ៦-គោលការណ៍ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន

ភារកិច្ចចំបងរបស់យុវជនបន្តវេន ៖

១-ចូលរួមថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព

២- អភិវឌ្ឍន៍ចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិតប្រកបដោយនវានុវត្តន៍

៣- ឆន្ទៈមោះមុត មុតស្រួចក្នុងការបំពេញភារកិច្ចក្នុងអង្គភាព(គណបក្ស និងរដ្ឋ)។

លោកប្រធានក៏បានពន្យល់ពីរបៀបរបបធ្វើការងាររបស់គណបក្ស ពិសេសរបបសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ  និងការរស់នៅប្រចាំថ្ងៃរបស់មន្រ្តីគណបក្ស ពិសេសអ្នកដឹកនាំត្រូវបានធានាបាន ៖ ភាពត្រឹមត្រូវស្របច្បាប់ និងគោលការណ៏នានា, ស្របនឹងទស្សន:មហាជន។

លោកក៏បានជម្រាប់ជូនអំពីការងារបន្តរបស់គណបក្ស និង យុទ្ធសាស្រ្តក្នុងការឈ្នះឆ្នោតគឺ បរិមាណ គុណភាព និងអំពើល្អរបស់មន្រ្តីគណបក្ស ដោយធានាបាននូវសមាជិកគណបក្ស១រូប ជាសម្លេងឆ្នោតគាំទ្រ១សន្លឹក៕












Powered by Blogger.