ជំនួយ ADB សម្រាប់សន្តិសុខស្បៀង នឹងកើនដល់ ៤០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសផែនការពង្រីកការគាំទ្ររបស់ខ្លួនដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភរយៈពេលវែងនៅអាស៊ី និងប៉ាស៊ីហ្វិក ចំនួន ២៦ ពាន់លានដុល្លារ ដែលធ្វើឱ្យមូលនិធិសរុបរបស់ខ្លួនសម្រាប់ការងារ សន្តិសុខស្បៀងកើនដល់ទៅ ៤០ ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២-២០៣០។
ជំនួយនេះនឹងផ្តល់មូលនិធិដល់កម្មវិធីដ៏ទូលំទូលាយមួយ
សម្រាប់ដំណើរការផលិតកម្មស្បៀងគ្រប់ដំណាក់កាល ចាប់ពីការធ្វើកសិកម្ម និងការកែច្នៃ
រហូតដល់ការចែកចាយ និងការប្រើប្រាស់។ តាមរយៈការផ្តល់ហិរញ្ញប្បទាន
និងការគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាល និងក្រុមហ៊ុន
កម្មវិធីនេះមានគោលបំណងជួយអាស៊ី និងប៉ាស៊ីហ្វិក ផលិតអាហារចម្រុះ និងមានជីវជាតិ
បង្កើតការងារ កាត់បន្ថយផលប៉ះពាល់បរិស្ថាន
ព្រមទាមងលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មដែលធន់។
ប្រធាន ADB លោក Masato
Kanda បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៨ របស់ ADB
នៅទីក្រុង មីឡាន ថា «គ្រោះរាំងស្ងួត
ទឹកជំនន់ កំដៅខ្លាំង ដែលមិនធ្លាប់មានពីមុនមក និងធនធានធម្មជាតិដែលរិចរិល
កំពុងបំផ្លាញផលិតកម្មកសិកម្ម និង គំរាមកំហែងដល់សន្តិសុខស្បៀង
និងជីវភាពរស់នៅតាមសហគមន៍ជនបទ។»
«ការគាំទ្របន្ថែមនេះនឹងជួយប្រទេសនានាកាត់បន្ថយភាពអត់ឃ្លាន
កែលម្អរបបអាហារ និងការពារបរិស្ថានធម្មជាតិ ព្រមទាំងផ្តល់ឱកាសផ្សេងៗសម្រាប់កសិករ
និងកសិពាណិជ្ជកម្ម។
វានឹងជំរុញឱ្យមានការផ្លាស់ប្តូរក្នុងខ្សែច្រវាក់តម្លៃអាហារទាំងមូល ចាប់ពីការដាំដុះ
និងកែច្នៃអាហារ ដល់ការចែកចាយ និងប្រើប្រាស់វា។»
មហិច្ឆតាថ្មីនេះបន្ថែមពីលើការប្រកាសរបស់ ADB
កាលពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការត្រៀមថវិកាវិនិយោគ ១៤ ពាន់លានដុល្លារត្រឹមឆ្នាំ
២០២៥ ដើម្បីកែលម្អសន្តិសុខស្បៀង និងបន្ធូរបន្ថយវិបត្តិស្បៀងអាហារក្នុងតំបន់។
ត្រឹមចុងឆ្នាំ ២០២៤ ADB បានសន្យាផ្តល់ហិរញ្ញប្បទាន ១១
ពាន់លានដុល្លារ (ប្រហែល ៨០% នៃថវិកាត្រៀមដំបូង) ជាមួយនឹងការវិនិយោគបន្ថែមចំនួន ៣,៣ ពាន់លានដុល្លារលើកម្មវិធីដែលរៀបចំសម្រាប់ឆ្នាំ ២០២៥ ។
មូលនិធិបន្ថែមចំនួន ២៦
ពាន់លានដុល្លារដែលបានប្រកាសនៅថ្ងៃនេះនឹងរួមមាន ១៨,៥
ពាន់លានដុល្លារជាជំនួយផ្ទាល់របស់ ADB សម្រាប់រដ្ឋាភិបាលប្រទេសសមាជិក
និង ៧,៥ ពាន់លានដុល្លារជាការវិនិយោគវិស័យឯកជន។ ត្រឹមឆ្នាំ
២០៣០ ADB មានបំណងគាំទ្រការវិនិយោគលើវិស័យឯកជនក្នុងចំនួនជាង
២៧% នៃថវិកាកម្មវិធីសរុប ៤0 ពាន់លានដុល្លារ
ដែលបង្ហាញពីតួនាទីសំខាន់របស់វិស័យឯកជនក្នុងការជំរុញការលើកកម្ពស់ការជំរុញប្រព័ន្ធស្បៀង។
ជាងពាក់កណ្តាលនៃប្រជាជនដែលខ្វះអាហារូបត្ថម្ភនៅលើពិភពលោករស់នៅក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍ។
ការបាត់បង់ជីវចម្រុះ និងកង្វះអាហារូបត្ថម្ភកំពុងធ្វើឱ្យមានបញ្ហាប្រឈមដល់ប្រព័ន្ធស្បៀង
ដែលមានចំណែក ៧0% នៃការប្រើប្រាស់ទឹកសកល ៥0% នៃដីដែលអាចរស់នៅបាន និង ៨0% នៃការបាត់បង់ជីវចម្រុះ។
ប្រព័ន្ធស្បៀងក៏ផ្តល់ការងារដល់ ៤0% នៃកម្លាំងពលកម្មក្នុងតំបន់ផងដែរ។
ដើម្បីគាំទ្រដល់ការជំរុញប្រព័ន្ធស្បៀង កម្មវិធីគាំទ្រនេះនឹងធ្វើទំនើបកម្មខ្សែច្រវាក់តម្លៃកសិកម្ម
សំដៅបង្កើនលទ្ធភាពទទួលបានស្បៀងដែលមានតម្លៃសមរម្យ
និងមានសុខភាពល្អសម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះ។
វាក៏នឹងវិនិយោគលើការកែលម្អគុណភាពដី និងការអភិរក្សជីវចម្រុះ
ដែលជាធាតុសំខាន់សម្រាប់ផលិតភាពវិស័យកសិកម្មដែលរងការ គំរាមកំហែងកាន់តែកើនឡើងពីការប្រែប្រួលអាកាសធាតុ
ការបំពុល និងការបាត់បង់ដី និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក។
កម្មវិធីនេះនឹងគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា និងការវិភាគ ឌីជីថល
ដើម្បីជួយដល់ការសម្រេចចិត្តរបស់កសិករ កសិពាណិជ្ជកម្ម និងអ្នកបង្កើតគោលនយោបាយ។
ADB កំពុងបង្កើតមូលនិធិមូលធនធម្មជាតិ (Natural
Capital Fund) ដែលជាយន្តការគ្រោងទុក ដែលមានហិរញ្ញប្បទានចម្រុះចំនួន
១៥០ លានដុល្លារ ជាមួយការគាំទ្រជាស្នូលពីមូលនិធីបរិស្ថានសកល (Global
Environment Facility) និងការរួមចំណែកដែលរំពឹងទុកពីដៃគូផ្សេងទៀត
រួមទាំងកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (Global Agriculture and Food
Security Program) ផងដែរ។
មូលនិធិនេះនឹងគាំទ្រដល់គម្រោងប្រព័ន្ធកសិចំណីអាហារ
របស់កសិករនិងអ្នកច្នៃប្រឌិតនានាដែលការពារ ស្តារ
និងគ្រប់គ្រងមូលធនធម្មជាតិប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB
ទាំងអស់ ។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ
បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។
ក្នុងកិច្ចសហការជាមួយសមាជិក
និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍
និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ
កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។
បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩
ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕
Post a Comment