ព្រឹកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់​ឱ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធ​ផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើ​ប្រាស់នាពេលនេះ គឺជា​អំ​ណោយ​របស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» មានកម្ពស់ ៥ជាន់ ស្មើ ៣០ បន្ទប់។ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព​នៃពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនីរាជា មានទទឹងប្រវែង ៧.៥ម៉ែត្រ បណ្តោយ​ប្រវែង​៣៦ម៉ែត្រ។ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន ៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់​នៅ​ចំនួន ១៨០នាក់។

អគារនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល១២ខែ។ ចាប់​ផ្តើម​​សាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ក្រោម​អធិប​តីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងពិធីសម្ពោធ​នោះ​ សម្ដេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិ​វេណ​វត្តស្វាយពពែ និងសួនច្បារ «មេត្តាសន្តិភាព» ខាងមុខ និងក្នុង​បរិ​វេណវត្តស្វាយពពែផងដែរ។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សា​សា​ធា​រណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើត​ឡើង​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិ​ក​និកាយ នៃព្រះរាជា​ណា​ចក្រកម្ពុជា៕



 

Powered by Blogger.