អ៊ីរ៉ង់ ចោទអាមេរិកថា ទង្វើផ្ទុយពីការនិយាយ និងបង្កហេតុ មុនកិច្ចចរចានុយក្លេអ៊ែរ
ប្រភព៖ Reuters
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទមានអាកប្បកិរិយាផ្ទុយពីការនិយាយ និងសេចក្តីថ្លែងការណ៍បង្កហេតុ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មី និងបានចេញការព្រមានពាក់ព័ន្ធនឹងក្រុមហ៊ូទីយេម៉ែន ខណៈដែលកិច្ចចរចានុយក្លេអ៊ែរសំខាន់ៗគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។
ការចោទប្រកាន់ និងសកម្មភាពចុងក្រោយនេះ
បង្ហាញពីភាពស្មុគស្មាញ និងភាពតានតឹងដែលកំពុងកើតមាន
ស្របពេលដែលភាគីទាំងពីរកំពុងព្យាយាមស្វែងរកដំណោះស្រាយការទូតចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil
Baghaei តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ
បានរិះគន់សហរដ្ឋអាមេរិកចំពោះអ្វីដែលលោកហៅថាជា «វិធីសាស្រ្តផ្ទុយគ្នា»
និង«កង្វះសុច្ឆន្ទៈ» ក្នុងការជំរុញការទូត។ លោកបានធ្វើការកត់សម្គាល់នេះ
ខណៈអ៊ីរ៉ង់អះអាងថា ក្រុមហ៊ូទីធ្វើសកម្មភាពដោយឯករាជ្យ
ដោយគ្មានពាក់ព័ន្ធនឹងអ៊ីរ៉ង់ឡើយ។
ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់
បាននិងកំពុងចរចាក្នុងរយៈពេលមួយខែចុងក្រោយនេះ
លើកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់
ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ កិច្ចពិភាក្សាជុំទីបួន
គ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃសៅរ៍ខាងមុខនេះ
បន្ទាប់ពីជុំមុនៗដែលសម្របសម្រួលដោយអូម៉ង់
ត្រូវបានភាគីទាំងពីរពណ៌នាថាមានលក្ខណៈស្ថាបនា។
ទោះជាមានកិច្ចចរចាក៏ដោយ លោកប្រធានាធិបតី
ដូណាល់ ត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥
បានគំរាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មី។ ស្របពេលជាមួយគ្នានេះ
សហរដ្ឋអាមេរិកក៏បាននិងកំពុងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើក្រុមហ៊ូទីនៅយេម៉ែនផងដែរ
ចាប់តាំងពីពាក់កណ្តាលខែមីនា៕
Post a Comment