ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះពលរដ្ឋ
ខេត្តកំពង់ស្ពឺ ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ចំនួន៦ ជូនដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ។
ក្នុងពិធីអបអរខួបលើកទី១៦២
ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»
នៅក្នុងបរិវេណណសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ប្រតិបត្តិការផ្តល់ជំនួយសង្រ្គោះ
ដោយគ្មានការរើសអើង បាននិងកំពុងអនុវត្តយ៉ាងសកម្ម គ្រប់ពេលវេលា គ្រប់ទីកន្លែង
នៅទូទាំងប្រទេស ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ
និងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ
គឺជាចំណែកមួយដ៏សំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល
ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់តម្លៃមនុស្សធម៌
និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ឧបនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ ចំនួន៦ ដល់អាជ្ញាធរពាក់ព័ន្ធ
ដើម្បីត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ
លើបញ្ហាទាំងអស់នេះ ដែលអាចនឹងកើតឡើងជាយថាហេតុ រួមមាន៖
ទី១. សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ
និងអនុសាខាកាកបាទក្រហមក្រុង ស្រុកទាំង៩ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អ
ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ដើម្បីត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ទី២. ត្រូវបន្តតាមដានជាប្រចាំពីសភាពការណ៍នានា
នៅមូលដ្ឋាន និងស្វែងយល់ឱ្យបានស៊ីជម្រៅពីភាពងាយរងគ្រោះ ដើម្បីត្រៀមលក្ខណៈបង្ការ
ទប់ស្កាត់ និងមានវិធានការដោះស្រាយផលប៉ះពាល់ទាំងនោះ។
ទី៣. ត្រូវយកចិត្តទុកដាក់សហការ
គាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអប់រំផ្សព្វផ្សាយព័ត៌មានពីការការពារសុខភាព
និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនានាជូនប្រជាពលរដ្ឋ។
ទី៤.
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមខេត្ត រួមជា មួយមន្ទីរ
អង្គភាពពាក់ព័ន្ធ ត្រូវសហការស្វែងយល់អំពីផលប៉ះពាល់ដែលបណ្តាល មកពីការប្រែប្រួលអាកាសធាតុដូចជា
គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ជាដើម ដើម្បីអាចក្តាប់សភាពការណ៍
និងឆ្លើយតប ពីផលប៉ះពាល់ទាំងនោះបានទាន់ពេលវេលា។
ទី៥. ត្រូវបន្តពង្រឹង
និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម តាមរយៈការបង្កើនចំណេះដឹង
និងសមត្ថភាពជំនាញ ដើម្បីក្លាយជាកម្លាំងដ៏រឹងមាំក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌។
ទី៦. សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច
ជំរុញផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោក ដើម្បីកាត់បន្ថយអាត្រាស្លាប់
និងរបួសដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ស្របតាមពាក្យស្លោករបស់សម្តេចតេជោ
អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើក
“ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕
Post a Comment