Netanyahu និយាយថា កម្ចាត់ក្រុមហាម៉ាស់ សំខាន់ជាងដោះលែងចំណាប់ខ្មាំង
ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ថា ការកម្ចាត់ក្រុមហាម៉ាស់ គឺជាគោលដៅចម្បង និងជាអាទិភាពខ្ពស់ជាងការធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា ខណៈដែលការផ្លាស់ប្តូរជំហរនេះ ធ្វើឡើងចំពេលកិច្ចចរចាបទឈប់បាញ់ជាប់គាំង។
ថ្លែងក្នុងសុន្ទរកថាចំថ្ងៃបុណ្យឯករាជ្យលើកទី៧៧
របស់អ៊ីស្រាអែល លោក Netanyahu បានមានប្រសាសន៍ថា «យើងមានគោលដៅជាច្រើន... យើងចង់នាំយកចំណាប់ខ្មាំងទាំងអស់មកវិញ...
វាជាគោលដៅសំខាន់ណាស់... ប៉ុន្តែសង្រ្គាមមានគោលបំណងកំពូល
ហើយគោលបំណងដ៏កំពូលនេះគឺជ័យជម្នះលើសត្រូវរបស់យើង»។
ការកត់សម្គាល់នេះ
ខុសប្លែកពីសេចក្តីថ្លែងការណ៍មុនៗ
ដែលលោកពណ៌នាថាការដោះលែងចំណាប់ខ្មាំងមានសារៈសំខាន់ស្មើនឹងការកម្ចាត់ហាម៉ាស់
ហើយវាកើតឡើងស្របពេលមានបាតុកម្មទាមទារឲ្យដោះលែងចំណាប់ខ្មាំង
និងសម្ពាធពីដៃគូសម្ព័ន្ធមិត្តស្តាំនិយមឲ្យបន្តសង្គ្រាម។
ក្រុមគ្រួសសារចំណាប់ខ្មាំង
និងគ្រួសារអ្នកបាត់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់លោក Netanyahu
ថា កំពុង «ចូលដៃ» ជាមួយសម្ព័ន្ធមិត្តស្តាំនិយមរបស់លោក
ដែលតែងតែអះអាងថា ការដោះលែងចំណាប់ខ្មាំង «មិនមែនជាគោលដៅសំខាន់បំផុត»
ហើយជំរុញឲ្យកាន់កាប់ហ្គាហ្សាឡើងវិញ។
ទន្ទឹមនឹងនេះ
អគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល លោក Eyal Zamir បានថ្លែងក្នុងពិធីដាច់ដោយឡែកមួយថា យោធា «បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារ
ក្រុមហាម៉ាស់យ៉ាងដាច់ណាត់... ប្រសិនបើចាំបាច់ យើងនឹងធ្វើដូច្នេះក្នុងពេលឆាប់ៗនេះ»។
សូមជម្រាបថា
ការដោះដូរចំណាប់ខ្មាំងចុងក្រោយបានធ្វើឡើងក្រោមបទឈប់បាញ់កាលពីខែមករា
ដែលអ៊ីស្រាអែលបានបញ្ចប់នៅខែមីនា។ ចាប់តាំងពីអ៊ីស្រាអែលបន្តការវាយលុកមក
អាជ្ញាធរសុខាភិបាលហ្គាហ្សាបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប៉ាឡេស្ទីន ២,៣២៦នាក់បានស្លាប់ និង ៦,០៥០នាក់រងរបួស
ដែលនាំឲ្យអ្នកស្លាប់សរុបតាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់ ៥២,៤១៨នាក់។
ការប្រកាសជំហរថ្មីរបស់លោក Netanyahu អាចនឹងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង
កាន់តែប្រឈមនឹងការលំបាកថែមទៀត៕
Post a Comment