សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រទេសជាតិមួយ មានការអភិវឌ្ឍលើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានទុទ្ទិដ្ឋិនិយមថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានអប់រំមួយ ដែលបានរួមចំណែក ដល់ការបំពេញបេសកកម្ម បណ្តុះបណ្តាល សមណនិស្សិត និស្សិត ឱ្យក្លាយជាមូលធនបញ្ញា ប្រកបដោយគុណភាព សមត្ថភាព ឧត្តមភាពសីលធម៌ និងមនសិការ វិជ្ជាជីវៈ ដើម្បីឆ្លើយតបនឹងតម្រូវការទាំងក្នុងក្របខណ្ឌជាតិ អន្តរជាតិ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅក្នុងការពង្រឹងធនធានមនុស្ស ទាំងគុណភាព និងបរិមាណ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "តាមការសិក្សាស្រាវជ្រាវ ពីសម័យកាលមួយ ទៅសម័យកាលមួយ យើងអាចសន្និដ្ឋានថា ប្រទេសជាតិមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធនមនុស្សជាមូលដ្ឋាន ។ កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋាន ព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌កតញ្ញូ មេត្តា ករុណា អហិង្សា ជាគោលការណ៍សំខាន់ សម្រាប់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ "។
ក្នុងន័យនេះ សម្តេចធិបតី ណែនាំឱ្យសមណនិស្សិត និងនិស្សិត ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សា ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទើបអាចអភិរក្ស និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ឱ្យបានគង់វង្ស និងរីកចម្រើនទៅបាន៕
Post a Comment