UN អំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថានអត់ធ្មត់ជាអតិបរមា ខណៈកំពុងកើនឡើងភាពតានតឹងខ្លាំង
ប្រភព៖ Reuters
យូអិន៖ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវយ៉ាងទទូចដល់ឥណ្ឌា និងប៉ាគីស្ថាន ឱ្យបង្ហាញភាពអត់ធ្មត់ជាអតិបរមា ស្របពេលប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ កំពុងតែកើនឡើងភាពតានតឹងខ្លាំង ជុំវិញករណីប្រហារដ៏ប្រល័យនៅតំបន់ Kashmir។
ថ្លែងនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
អ្នកនាំពាក្យ UN
លោក Stephane Dujarric បាននិយាយដូច្នេះថា «យើងសូមអំពាវនាវទៅកាន់រដ្ឋាភិបាលទាំងពីរ
ឱ្យប្រកាន់ខ្ជាប់ការអត់ធ្មត់ជាអតិបរមា និងធានាថាស្ថានការណ៍ដែលយើងបានមើលឃើញ
នឹងមិនវិវត្តកាន់តែដុនដាបថែមទៀត។ បញ្ហានានារវាងប៉ាគីស្ថាននិងឥណ្ឌា គឺយើងជឿជាក់ថា
អាចហើយគួរតែដោះស្រាយ ដោយសន្តិវិធី»។
ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ
បានធ្លាក់ចុះដល់កម្រិតដ៏ទាបបំផុតមួយសាជាថ្មីម្តងទៀត
ដោយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានអំពីការគាំទ្រអំពើភេរវកម្មឆ្លងព្រំដែន
បន្ទាប់ពីខ្មាន់កាំភ្លើងមួយក្រុម បានធ្វើសកម្មភាពវាយប្រហារដ៏អាក្រក់បំផុតមួយលើជនស៊ីវិល
នៅតំបន់មានបញ្ហាវិវាទ Kashmir។
នាយករដ្ឋមន្រ្តីឥណ្ឌា
លោក Narendra
Modi កាលពីថ្ងៃព្រហស្បតិ៍ បានប្តេជ្ញាតាមប្រមាញ់ក្រុមខ្មាន់កាំភ្លើង
ដែលបានផ្តាច់ជីវិតជនស៊ីវិល២៦នាក់ នៅកន្លែងទេសចរណ៍ Pahalgam នៃតំបន់ Kashmir
បន្ទាប់ពីប៉ូលិសឥណ្ឌា បានកំណត់អត្តសញ្ញាណឃើញថា ២នាក់
ក្នុងចំណោមខ្មាន់កាំភ្លើងទាំង៣នាក់ គឺជាជនជាតិប៉ាគីស្ថាន។
ប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធ
ហើយថ្កោលទោសការប៉ុនប៉ងទាញភ្ជាប់ទីក្រុងអ៉ីស្លាម៉ាបាដ ក្នុងករណីវាយប្រហារនោះ
និងបានប្តេជ្ញាឆ្លើយតបចំពោះចំណាត់ការនានារបស់ភាគីឥណ្ឌា។ មកទល់ពេលនេះ
ប្រទេសទាំងពីរ បានចាត់វិធានការមួយចំនួនតបតគ្នា រួចជាស្រេច។
សូមជម្រាបថា
ឥណ្ឌានិងប៉ាគីស្ថាន បានទាមទារការគ្រប់គ្រងទាំងស្រុងដូចគ្នាលើតំបន់ Kashmir ជាទីដែលមានជនមូស្លីមរស់នៅភាគច្រើន ប៉ុន្តែរដ្ឋាភិបាលទាំងពីរ
ចាប់តាំងតែពីឆ្នាំ ១៩៤៧មក គឺកាន់កាប់ដោយផ្នែកប៉ុណ្ណោះ។
ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរ នៅផ្នែកនៃតំបន់ Kashmir ដែលកាន់កាប់ដោយឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៨៩ ដើម្បីទាមទារឯករាជ្យ
ឬក៏រួមបញ្ចូលជាមួយប្រទេសប៉ាគីស្ថាន៕
Post a Comment