រដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក ប្តឹងរដ្ឋបាល ត្រាំ ជុំវិញពន្ធគយខុសច្បាប់

វ៉ាស៊ីនតោន៖ សម្ព័ន្ធនៃរដ្ឋចំនួន១២ របស់សហរដ្ឋអាមេរិកកាលពីថ្ងែព្រហស្បតិ៍ ទី២៤ មេសា បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញបញ្ហាពន្ធគយខុសច្បាប់ នៅក្នុងតុលាការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉ក។

អគ្គមេធាវីនៃរដ្ឋ Arizona, Colorado, Connecticut, Delaware, Illinois, Maine, Minnesota, Nevada, New Mexico, New York, Oregon និង Vermont កាលពីថ្ងៃពុធបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកដីការបស់តុលាការដើម្បីរារាំងរដ្ឋបាលលោក ត្រាំ ពីការអនុម័តពន្ធ។

ក្នុងពាក្យបណ្តឹងបាននិយាយថា គោលនយោបាយនេះបានធ្វើឱ្យគោលនយោបាយពាណិជ្ជកម្មជាតិស្ថិតនៅក្រោមការចង់បានរបស់លោក ត្រាំ ជាជាងការអនុវត្តសិទ្ធិអំណាចស្របច្បាប់ ដោយសុំឱ្យតុលាការប្រកាសពន្ធគយខុសច្បាប់ និងរារាំងភ្នាក់ងាររដ្ឋាភិបាល និងមន្ត្រីមិនឱ្យអនុវត្តពន្ធគយ។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែមេសា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅឯសេតវិមាន ដោយបានហៅច្បាប់ស្តីពីអំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ ដើម្បីប្រកាសភាពអាសន្នជាតិ និងដាក់អ្វីដែលគេហៅថា ពន្ធគយ លើដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិក៕



Powered by Blogger.