ការលក់រថយន្ត Tesla ធ្លាក់ចុះ ១៣% នៅត្រីមាសទី១ឆ្នាំនេះ ដែលបង្ហាញពីបញ្ហាប្រឈមធ្ងន់ធ្ងរ
វ៉ាស៊ីនតោន៖ ការលក់រថយន្ត Tesla បានធ្លាក់ចុះ ១៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលជាសញ្ញាមួយបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏លេចធ្លោរបស់ លោក Elon Musk កំពុងប្រឈមមុខនឹងការលំបាកក្នុងការទាក់ទាញអ្នកទិញ។
តម្លៃភាគហ៊ុនរបស់ Tesla
បានធ្លាក់ចុះប្រហែលពាក់កណ្តាលចាប់តាំងពីពេលដែលវាឡើងដល់កម្រិតខ្ពស់បំផុតកាលពីពាក់កណ្តាលខែធ្នូ។
អ្នកវិភាគនៅមិនទាន់ច្បាស់ថា
តើការធ្លាក់ចុះនៃការលក់នេះបណ្តាលមកពីការធ្វើពហិការប្រឆាំងនឹងលោក Musk ដែលជាថៅកែក្រុមហ៊ុននេះ ឬកត្តាផ្សេងទៀតនោះទេ។ អ្វីដែលគេដឹងនោះគឺថា
ការលក់រថយន្តអគ្គិសនីជាទូទៅកំពុងមានការថយចុះ ហើយ Tesla កំពុងរងផលប៉ះពាល់ជាពិសេស
ខណៈដែលអ្នកទិញរថយន្តកំពុងរង់ចាំមើលការចេញលក់ម៉ូដែល Y ដែលត្រូវបានកែលម្អនៅចុងឆ្នាំនេះ។
ការធ្លាក់ចុះនេះ ទំនងជាបណ្តាលមកពីកត្តាចម្រុះ
រួមមានម៉ូដែលរថយន្តដែលហួសសម័យ ការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនផ្សេងៗទៀត
និងការរិះគន់ចំពោះជំហរនយោបាយរបស់លោក Musk។
ក្រុមហ៊ុន Tesla បានរាយការណ៍ថា ខ្លួនបានចែកចាយរថយន្តចំនួន
៣៣៦,៦៨១ គ្រឿងនៅទូទាំងពិភពលោក
ក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំនេះ ដែលជាការធ្លាក់ចុះពីចំនួន ៣៨៧,០០០ គ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ទោះបីជាក្រុមហ៊ុនបានផ្តល់ការបញ្ចុះតម្លៃយ៉ាងច្រើន
ការផ្តល់ហិរញ្ញប្បទានដោយគ្មានការប្រាក់ និងការលើកទឹកចិត្តផ្សេងទៀតក៏ដោយ។
តួលេខនេះគឺទាបជាងការរំពឹងទុករបស់អ្នកវិភាគដែលរំពឹងថាមានជាង ៤០៨,០០០ គ្រឿង
ហើយវាជាសញ្ញាព្រមានសម្រាប់របាយការណ៍ប្រាក់ចំណូលត្រីមាសទីមួយរបស់ក្រុមហ៊ុន។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅ Austin
រដ្ឋតិចសាស់
ក៏បានបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ
ដោយសារក្រុមហ៊ុនទាំងនោះបានផ្តល់នូវផលិតផលកាន់តែប្រសើរ ដែលរួមបញ្ចូលទាំងក្រុមហ៊ុន BYD
ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិនមួយនេះ
បានបង្ហាញកាលពីខែមីនានូវបច្ចេកវិទ្យាថ្មីមួយដែលអនុញ្ញាតឱ្យរថយន្តរបស់ខ្លួនអាចសាកថ្មបានពេញ
ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ៕

Post a Comment