ត្រាំ នឹងដាក់ពន្ធឆ្លើយតបទ្រង់ទ្រាយធំលើដៃគូពាណិជ្ជកម្មពិភពលោកដែលបង្កើនភាពតានតឹងពាណិជ្ជកម្មសកល
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដាក់ពន្ធឆ្លើយតបថ្មីលើដៃគូពាណិជ្ជកម្មពិភពលោក ដែលជាវិធានការមួយដែលត្រូវបានគេមើលឃើញថា នឹងបង្កើនភាពតានតឹងពាណិជ្ជកម្មសកលយ៉ាងខ្លាំង។
ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា
ផែនការពន្ធទៅវិញទៅមកនេះ គឺជាមធ្យោបាយមួយដើម្បីកែសម្រួលអត្រាពន្ធទាបរបស់សហរដ្ឋអាមេរិក
ឱ្យស្របតាមអត្រាពន្ធដែលប្រទេសផ្សេងៗដាក់លើអាមេរិក
ក៏ដូចជាទប់ទល់នឹងឧបសគ្គមិនមែនពន្ធដែលរារាំងការនាំចេញរបស់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ
ទម្រង់ពិតប្រាកដនៃពន្ធនៅតែមិនច្បាស់លាស់ ដោយមានរបាយការណ៍ថា លោក ត្រាំ
កំពុងពិចារណាដាក់ពន្ធសកលរហូតដល់ ២០%។
សេចក្តីលម្អិតនៃផែនការពន្ធដែលលោក ត្រាំ
បានដាក់ឈ្មោះថាជា ទិវារំដោះអាមេរិក នៅបន្តស្ថិតក្រោមការរៀបចំ
នៅមុនសេចក្តីប្រកាសជាផ្លូវការដែលគ្រោងធ្វើឡើងនៅសេតវិមាននាពេលរសៀលនេះ។
ពន្ធថ្មីៗទាំងនេះ នឹងចូលជាធរមានភ្លាមៗបន្ទាប់ពីប្រធានាធិបតី ត្រាំ ប្រកាស
ខណៈដែលពន្ធ ២៥% លើការនាំចូលរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ៣ ខែមេសា។
អតីតមន្ត្រីពាណិជ្ជកម្មក្នុងអាណត្តិទីមួយរបស់លោក
ត្រាំ បានព្យាករថា ប្រធានាធិបតីរូបនេះ ទំនងជានឹងដាក់ពន្ធទូលំទូលាយលើប្រទេសនីមួយៗក្នុងអត្រាទាបជាង
ប៉ុន្តែប៉ះពាល់ដល់ប្រទេសច្រើនអាចលើសពីការរំពឹងទុក។
ប្រតិកម្មពីអន្តរជាតិក៏បានបន្តកើតមានផងដែរ
ដោយប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បានព្រមានថា ការដំឡើងពន្ធតាមគម្រោងរបស់លោក ត្រាំ
នឹងមានផលវិបាកអវិជ្ជមានជាសកល។ លោកស្រីបានគូសបញ្ជាក់ថា
ផលប៉ះពាល់នឹងមានភាពខុសគ្នាអាស្រ័យលើវិសាលភាព ផលិតផលគោលដៅ រយៈពេលអនុវត្ត
និងលទ្ធភាពនៃកិច្ចចរចា។
អ្នកដឹកនាំអាជីវកម្មក្នុងវិស័យផ្សេងៗគ្នា
ចាប់ពីរថយន្ត ដឹកជញ្ជូនទំនិញ ដល់ទំនិញប្រណីត
បានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមាន ដោយសារតែលោក ត្រាំ
កន្លងមកធ្លាប់បានប្រើប្រាស់អំណាចពិសេស ដើម្បីដាក់ពន្ធយ៉ាងឆាប់រហ័ស និងពេលខ្លះដកហូត
ឬកែប្រែពន្ធទាំងនោះផងដែរ៕

Post a Comment