BYD បើកការដ្ឋានសង់រោងចក្រដំឡើងរថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន BYD CAMBODIA CO.,LTD. នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជានិងឯកឧត្តមម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD CAMBODIA នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថា ជា “តារារះនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាព្រះនាមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សតព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដីជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ» និងជាស្ថាបនិកនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ហើយត្រូវបានបន្តរក្សាពង្រឹងពង្រីកដល់កម្រិតខ្ពស់បំផុតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោមម្លប់ដ៏ត្រជាក់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថាសូមសម្ដែងនូវការស្វាគមន៍ និងចូលរួមអបអរសាទរដោយស្មោះចំពោះពិធីបើកការដ្ឋាសាងសង់រោងចក្រដំឡើងរថយន្ត BYD CAMBODIA នាពេលនេះ ដែលជាសក្ខីភាពបង្ហាញឲ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំនិងសូមជូនពរឱ្យក្រុមហ៊ុន BYD CAMBODIA ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន។ទន្ទឹមនេះ ការសាងសង់រោងចក្រ នាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុនិងខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
បានបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត BYD CAMBODIA នាពេលនេះ ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើងរថយន្ត
BYD ជាលទ្ធផលសំខាន់ ជានិមិត្តរូប និងជាគម្រោងផលិតកម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម
និងកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចរវាងចិន កម្ពុជាផងដែរ ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទពិសោធន៍នៃឧស្សាហកម្មពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា
ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន
និងធ្វើឱ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាពខ្ពស់។ ចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជា បង្កើតរោងចក្រដំឡើងរថយន្តនាពេលនេះជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយៈពេល
៧០ឆ្នាំមកហើយ អាចនិយាយបានថា ជាមិត្តភាពដែកថែបមិនអាចបំបែកបាន។ ចិន និងកម្ពុជា បានជំរុញមិត្តភាពដែកថែប
និងក៏សាងសហគមន៍ជោគវាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ
ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះ ស្របពេលដែល
ឯកឧត្ដមប្រធានាធិបតីចិន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការមកកាន់កម្ពុជា កាលពីថ្ងៃទី១៧-១៨
ខែមេសាកន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថាការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត
BYD ក្នុងប្រទេសកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន
កម្ពុជា វានឹងដើរតួនាទីក្នុងការពន្លឿនឧស្សាហូបនីយកម្មរបស់កម្ពុជា ក្នុងការសាងសង់ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មចិន
កម្ពុជា ហើយបច្ចេកវិទ្យានៃការផលិតកម្មរថយន្តកម្ពុជា។ ទន្ទឹមនេះ ការបណ្តុះបណ្តាលកម្មករឧស្សាហកម្មដែលមានសមត្ថភាពជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចថ្មីរបស់កម្ពុជានាពេលអនាគត។
នេះជាគម្រោងផលិតយានជំនិះថាមពលថ្មីរបស់កម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧
ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយកាត់បន្ថយការបំភាយកាបូន ជំរុញអភិវឌ្ឍន៍បៃតង និងឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយគុណភាព។ ការបើកការដ្ឋាននៃរោងចក្រ
BYD គឺជាការអនុវត្តលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជា។
ប្រទេសចិននឹងលើកទេកចិត្តឱ្យក្រុមហ៊ុនចិន មកបណ្តាក់ទុននៅកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពខ្ពស់
និងអនុញ្ញាតឱ្យមិត្តភក្តិកម្ពុជាចែករំលែកឱកាសអភិវឌ្ឍន៍ប្រទេសចិន កាន់តែប្រសើរ។
ឯកឧត្តម សង្ឃឹមថា ភាគីកម្ពុជានឹងបន្តបង្កើតបរិស្ថានល្អ
និងលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនចិន ដែលវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា៕
Post a Comment