រដ្ឋបាលព្រៃឈើ៖ «ពុំមានការណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជានោះទេ»
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាពុំមានការណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជានោះទេ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ
បានឱ្យដឹងយ៉ាងដូច្នេះថា ពុំមានការ ណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា
ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញា
ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា
(សាយតេស-CITES)
ដូចមានចុះផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
របស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១
ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា
«កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង
ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក
បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃ អនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ
និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ
ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ»។
ការចុះផ្សាយអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ (RFI) គឺជាការ
ផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨
នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥
គឺមិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដូចការលើកឡើងនោះឡើយ។
សត្វស្វាក្តាមត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វព្រៃមានដោយបង្ហូរនៅប្រទេសកម្ពុជា
ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធII នៃអនុសញ្ញាសាយតេស។
ការចិញ្ចឹម បង្កាត់ពូជ
និងធ្វើអាជីវកម្មនាំចេញសត្វស្វាក្តាមរបស់កម្ពុជាបានអនុវត្តត្រឹមត្រូវ
អនុលោមតាមនីតិវិធី ច្បាប់ជាតិ លិខិតបទដ្ឋានគតិយុត្ត
និងអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធ រួមទាំងឈរលើ គោលការណ៍មនុស្សធម៌ និងសមធម៌។
សត្វស្វាក្តាមមានលក្ខណៈជីវសាស្ត្រ
និងក្រុមប្រភេទឈាមស្រដៀងនឹងមនុស្ស
ដូចនេះហើយបានជាមានតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ
វ៉ាក់សាំង មុននឹងយក មកប្រើប្រាស់លើមនុស្ស។
កម្ពុជាជាប្រទេសដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ
និងអភិវឌ្ឍន៍ឱសថ និងវ៉ាក់សាំង ដើម្បី ជួយសង្គ្រោះជីវិតមនុស្សជាតិ
និងចូលរួមរក្សាសន្តិសុខសុខភាពសកល តាមរយៈការផ្គត់ផ្គង់សត្វស្វាក្តាម ជាពិសេស
នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលតម្រូវការសត្វស្វាក្តាមសម្រាប់ពន្លឿន ការសិក្សាស្រាវជ្រាវ
និងអភិវឌ្ឍន៍ការផលិតឱសថ និងវ៉ាក់សាំង មានការកើនឡើងទ្វេដង។
អាស្រ័យហេតុនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមត្ថកិច្ចវិទ្យាសាស្ត្រ
សាយតេសកម្ពុជាសម្រាប់ប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់
សូមសាធារណជនមេត្តាជ្រាប និងស្នើឱ្យ RFI កែតម្រូវការចុះផ្សាយអត្ថបទរបស់ខ្លួនឡើងវិញ
ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ៕
Post a Comment