ចិន អនុញ្ញាតឱ្យវិនិយោគិនបរទេស ចូលវិនិយោគលើវិស័យមួយចំនួនទៀត
ប្រភព៖ Reuters
ប៉េកាំង៖ និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សាយកំណែថ្មីនៃបញ្ជីឈ្មោះអាជីវកម្ម ដែលត្រូវបានហាមប្រាម ដោយកំណែទម្រង់ថ្មីនេះ នឹងបន្ធូរបន្ថយឧបសគ្គក្នុងការចូលមកវិនិយោគ ជាមួយនិងការកាត់បន្ថយ ចំនួនឧស្សាហកម្ម ដែលត្រូវបានដាក់កម្រិតពី ១១៧ មកនៅត្រឹម ១០៦។
វិធានការនេះត្រូវបានដាក់ចេញ
ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់
និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា
គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ
ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។
តំបន់មួយចំនួន
ត្រូវបានអនុញ្ញាតឱ្យមានសេរីភាវូបនីយកម្មតាមផ្នែក រួមទាំងការផលិតទូរទស្សន៍
សេវាទូរគមនាគមន៍ សេវាព័ត៌មានអនឡាញផ្នែកឱសថ និងឧបករណ៍វេជ្ជសាស្ត្រ
ការប្រើប្រាស់ថ្នាំវិទ្យុសកម្មដោយស្ថាប័នវេជ្ជសាស្ត្រ
និងការនាំចូលគ្រាប់ពូជព្រៃឈើ។
រដ្ឋបាលតំបន់ ក៏ត្រូវបានលើកទឹកចិត្ត
ឱ្យផ្តល់លទ្ធភាពសម្រាប់ការចូលមកវិនិយោគ លើវិស័យដឹកជញ្ជូន និងស្តុកទុក
សេវាកម្មទំនិញ និងជួលយានយន្ត។ ប៉ុន្តែការវិនិយោគលើយន្តហោះដ្រូន
និងផលិតផលថ្នាំជក់ដូចបារីអេឡិចត្រូនិច ត្រូវបានបញ្ចូលទៅក្នុងបញ្ជីហាមប្រាម
ដើម្បីធានាសុវត្ថិភាពសង្គម។
សូមជម្រាបថា ចាប់តាំងពីខែកុម្ភៈ
ចិនប្តេជ្ញាបំបែករបាំងវិនិយោគ និងពិនិត្យឡើងវិញនូវបញ្ជីហាមប្រាម
ការវិនិយោគនៅក្នុងទីផ្សាររបស់ខ្លួន។ តាំងពីពេលនោះមក
ក្រុមមន្ត្រីចិនបានចាប់ផ្តើមសកម្មភាពទាក់ទាញ ដោយធានាដល់បណ្តាអ្នកដឹកនាំធុរកិច្ចពិភពលោក
អំពីទស្សនវិស័យសេដ្ឋកិច្ចរយៈពេលវែង៕
Post a Comment