រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»
អត្ថបទ៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពប្រកាសបើកជាផ្លូវការ ការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» «Say No to Fake News"។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
ថ្នាក់ដឹកនាំរាជធានី ខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន អ្នកសារព័ត៌មានជាតិ
អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ដោយបានចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ
ជាង១ពាន់នាក់។
រដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានឱ្យដឹងថា ការអនុវត្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥
ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទ របស់ប្រជាជន
ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប
ដើម្បីទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។
សំដៅធានាឱ្យបាននូវសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន
ផ្តោតទៅលើគោលសំខាន់៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ ទី៣៖
សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ កិច្ចការងារនេះ
គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។
បន្ថែមពីនេះរដ្ឋមន្ត្រី
នេត្រ ភក្ត្រា បានបញ្ជូនសារទៅកាន់សាធារណរជនទាំងអស់ថា សូមនិយាយថាទេ!
ចំពោះដំណឹងក្លែងក្លាយ (Fake
News) ដំណឹងក្លែងក្លាយត្រូវបានបង្កើតឡើងក្នុងគោលដៅបំភ្លៃ បំផ្លើស
បំភ័ន្ត ជាសាច់រឿងមិនពិតដែលត្រូវគេប្រឌិតឡើងជាទម្រង់រូបភាព អត្ថបទ វីដេអូ
សំឡេង….ហើយផ្សព្វផ្សាយលើគ្រប់ទម្រង់ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម
និងបណ្តាញសារព័ត៌មានផ្សេងៗក្នុងគោលបំណងកេងចំណេញនយោបាយ អាជីវកម្ម
ឬចង់បំផ្លាញកេរ្តិ៍ឈ្មោះ ជំនឿទុកចិត្ត។ ករណីសង្ស័យថាជាព័ត៌មានក្លែងក្លាយ
សូមកុំចែករំលែកបន្ត និងត្រូវរាយការណ៍ Report ទៅបណ្តាញសង្គមដែលប្រើប្រាស់ថាជា False Information៕

Post a Comment