អ៊ុយក្រែន មិនទាន់ឆ្លើយតបសំណើចរចាផ្ទាល់ និងបទឈប់បាញ់ខែឧសភា
ប្រភព៖ Reuters
មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែមេសា ថា ប្រទេសអ៊ុយក្រែនមិនទាន់បានឆ្លើយតបទៅនឹងសំណើជាច្រើនលើករបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការចាប់ផ្តើមការចរចាសន្តិភាពដោយផ្ទាល់នោះទេ ហើយក៏មិនទាន់ច្បាស់ដែរថា តើអ៊ុយក្រែននឹងចូលរួមគោរពបទឈប់បាញ់រយៈពេលបីថ្ងៃដែលលោក ពូទីន បានប្រកាសសម្រាប់ខែក្រោយដែរឬយ៉ាងណា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «គឺលោកប្រធានាធិបតី
ពូទីន ដែលបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច
ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីចាប់ផ្តើមដំណើរការចរចា»។
លោកបានបន្ថែមថា វាពិបាកយល់ណាស់ថាតើអ៊ុយក្រែនមានបំណងចូលរួមបទឈប់បាញ់រយៈពេល ៣ថ្ងៃ
(៨-១០ ឧសភា) ដែលលោក ពូទីន បានប្រកាសកាលពីថ្ងៃចន្ទ ដើម្បីរំលឹកខួបលើកទី ៨០
នៃជ័យជម្នះសង្គ្រាមលោកលើកទីពីរ ដែរឬទេ។
ជាការឆ្លើយតបទៅនឹងការប្រកាសបទឈប់បាញ់នោះ
ភាគីអ៊ុយក្រែនបានចោទសួរថា
ហេតុអ្វីបានជាទីក្រុងមូស្គូមិនយល់ព្រមតាមការអំពាវនាវរបស់ខ្លួនឲ្យមានបទឈប់បាញ់រយៈពេលយ៉ាងតិច
៣០ថ្ងៃ ហើយចាប់ផ្តើមភ្លាមៗ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr
Zelenskyy បានថ្លែងដោយសង្កត់ធ្ងន់ថា «ពួកយើងឲ្យតម្លៃជីវិតមនុស្ស
មិនមែនព្យុហយាត្រាទេ»។
ការឆ្លើយឆ្លងគ្នានេះ
បង្ហាញពីការខ្វះទំនុកចិត្ត និងភាពខុសគ្នានៃអាទិភាពរវាងភាគីទាំងពីរ
ដែលបន្តធ្វើឲ្យដំណើរការចរចាសន្តិភាពពិតប្រាកដនៅតែមិនអាចប្រព្រឹត្តទៅបាន៕
Post a Comment