រដ្ឋសភា កំពុងធ្វើកំណែទម្រង់ ក្នុងការពង្រឹងគណនេយ្យភាព ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្ត ឱ្យបានកាន់តែល្អប្រសើរ
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានលើកឡើងថា រដ្ឋសភា កំពុងធ្វើកំណែទម្រង់ក្នុងការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់
បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ
និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ នៃក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល» នៅថ្ងៃទី២៩ មេសា នេះ សម្តេច ឃួន សុដារី បានមានប្រសាសថា «ស្របពេលស្ថាប័ននីតិប្រតិបត្តិបានកំពុងអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈនោះ
ស្ថាប័នរដ្ឋសភា ក្នុងនីតិកាលទី៧នេះ ក៏បានដាក់ចេញនូវចក្ខុវិស័យ និងគោលដៅច្បាស់លាស់
ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការលើកកម្ពស់អភិបាលកិច្ចល្អ
តាមរយៈការពង្រឹងគណនេយ្យភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងការទទួលខុសត្រូវ
របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីផ្តល់សេវាកម្មជូនតំណាងរាស្រ្តឱ្យបានកាន់តែល្អប្រសើរទាន់ពេលវេលា
មានប្រសិទ្ធភាព និងគុណភាពខ្ពស់ ផងដែរ»។
សម្ដេច បន្ដថា ក្នុងរយៈពេល ២០ខែ កន្លងមកនេះ
រដ្ឋសភាកម្ពុជា បានដាក់ចេញនូវវិធានការ និងអនុវត្តសកម្មភាពគន្លឹះមួយចំនួន មានដូចជា
ការសិក្សាសង្គតិភាព នៃក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រងធនធានមនុស្សរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា
រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិទាំង៣ ដែលមានព្រឹទ្ធសភា រដ្ឋសភា
និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ការរៀបចំវិភាគមុខងារ
និងកែសម្រួលរចនាសម្ព័ន្ធតួនាទីភារកិច្ច។
សម្ដេច បន្ថែមថា ការរៀបចំការធ្វើជំរឿនមន្ត្រី
និងពង្រឹងការធ្វើបទពិពណ៌នាតួនាទីភារកិច្ចមន្ត្រីទាំងអស់
ដែលក្នុងនោះជំរុញដល់ការងារចាត់ចែងបែងចែកមន្ត្រីឱ្យស្របតាមតម្រូវការជាក់ស្តែងនៃអង្គភាព
និងតាមជំនាញឯកទេស ក៏ដូចជាការបង្កើតយន្តការច្បាស់លាស់សម្រាប់ការកសាង
និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សប្រកបដោយចីរភាព ដើម្បីប្រែក្លាយមន្ត្រីដែលបម្រើការជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា
ទៅជាមូលធនមនុស្សដ៏រឹងមាំ រួមនឹងការកំណត់នូវវិធានការគន្លឹះនានាដែលមានលក្ខណៈជាក់លាក់
អាចអនុវត្តបាន និងចំគោលដៅ។ ការពង្រឹងប្រសិទ្ធភាព
នៃការគ្រប់គ្រងវត្តមានបុគ្គលិកប្រចាំថ្ងៃ តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលស្កេនមុខ
(Face
ID Scan) នៅច្រកចេញចូល។ តាម សម្តេច ប្រធានរដ្ឋសភា វិធានការនេះ
គ្រោងនឹងចាប់ផ្តើមនៅដើម ខែឧសភា ឆ្នាំ២០២៥។
សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា
ដំណើរការកំណែទម្រង់ របស់រដ្ឋសភា ដើម្បីបង្រួបបង្រួម និងលើកកម្ពស់សាមគ្គីភាព
មិនមែនជាលេសសម្រាប់ការបំបែកបំបាក់ ឬ ការបែងចែកបក្សពួកនោះទេ
ប៉ុន្តែជាយុត្តិធម៌សម្រាប់ទំាងអស់គ្នា ដោយប្រកាន់យកគោលការណ៍ច្បាប់ គុណាធិបតេយ្យ
ភាពត្រឹមត្រូវ យុត្តិធម៌ សមធម៌ និងតម្លាភាព គឺជាមូលដ្ឋានគ្រឹះ ។
វិធានការនេះបានចូលរួមចំណែកដ៏សំខាន់ដល់ការសន្សំថវិកាជាតិ
ការពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់គោលការណ៍គុណាធិបតេយ្យ ភាពយុត្តិធម៌
គណនេយ្យភាព តម្លាភាព ឱកាសស្មើគ្នាក្នុងការទទួលបានការលើកទឹកចិត្ត
និងការជំរុញកំណែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមិនមានការរើសអើង៕
Post a Comment