៣ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានឱ្យដឹងថា នៅរយៈពេល៣ខែ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។
នៅរយៈពេល៣ខែ
ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេស
ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៩៨ ៥៣១នាក់ កើន១៤.៦៧%
និងទទួលបានចំណូល ១៨ ៧១៨ ៧២២ដុល្លារអាមេរិក កើនឡើង១៣.២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា
នៅឆ្នាំ២០២៤។
សូមជម្រាបថា
រយៈពេល ៣ខែឆ្នាំនេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
បានចំនួនសរុប ៧៩៧ ០៦២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស
ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
ឆ្នាំ២០២៤
មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។
សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ
បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក៕


Post a Comment