អ៊ីស្រាអែល ប្រកាសពង្រីកប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សា

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃពុធ ទី២ ខែមេសា បានប្រកាសអំពីការពង្រីកកាន់តែធំបន្ថែមទៀត នូវប្រតិបត្តិការយោធាក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមប្រឆាំងក្រុមហាម៉ាសបានបន្តឡើងវិញ នៅដែនដីប៉ាឡេស្ទីនមួយនេះ។

លោក Israel Katz បាននិយាយថា តំបន់មួយផ្នែកធំនៃហ្កាហ្សា នឹងត្រូវរឹបអូស រួចដាក់បញ្ជូល​ជាតំបន់សន្តិសុខរបស់អ៉ីស្រាអែល។ បើតាម លោក Katz នឹងមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំ ចេញពីតំបន់នានាដែលមាន​ការប្រយុទ្ធគ្នា ហើយលោកបានទទូចឱ្យប្រជាជននៅហ្កាហ្សា ចូលរួមកម្ចាត់ក្រុមហាម៉ាស និងប្រគល់ចំណាប់ខ្មាំងអ៉ីស្រាអែលមកវិញ ដ្បិតវាគឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់សង្រ្គាម។

យ៉ាងណាមិញ លោក Katz មិនបានបញ្ជាក់ច្បាស់ថា ទឹកដីទំហំប៉ុន្មានរបស់ហ្កាហ្សា ដែលអ៊ីស្រាអែលគ្រោងរឹបអូសនោះឡើយ។ កន្លងមកនេះ អ៊ីស្រាអែលបានរៀបចំតំបន់ទ្រនាប់ធំគួរសម រួចស្រេចក្នុងហ្កាហ្សា ដោយពង្រីកតំបន់មួយ ដែលមានស្រាប់នៅតាមតំបន់គែមៗនៃដែនដីនេះ តាំងពីមុនសង្រ្គាម ហើយបង្កើតតំបន់សន្តិសុខធំមួយ នៅច្រករបៀង Netzarim ដែលរត់កាត់ចំកណ្តាលតំបន់ហ្កាហ្សា៕



Powered by Blogger.