រដ្ឋបាលស្រុកកំពង់សីលា ជូនដំណឹងស្តីពីការពន្យារពេលក្នុងការផ្តល់សេវាប្រមូលសំរាម សំណល់រឹង

អត្ថបទ៖ ទឹង សុភាព

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកកំពង់សីលានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥បានចេញសេចក្តីជូនដំណឹងស្តីពីការពន្យារពេលក្នុងការផ្តល់សេវាប្រមូលសំរាម សំណល់រឹង ទីប្រជុំជនក្នុងស្រុកកំពង់សិលា។

រដ្ឋបាលស្រុកកំពង់សីលា និងក្រុមហ៊ុន នី វ៉ា អ៊ិនវេសម៉ិន ឯ.ក មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងឃុំទាំង៤ ស្រុកកំពង់សីលា ដែលបានភ្ជាប់សេវាប្រមូលសំរាម មេត្តាជ្រាបថា តាមផែនការរដ្ឋបាលស្រុកឱ្យក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើការប្រមូលសំរាម និងកាកសំណល់រឹងនៅទីប្រជុំជន ក្នុងស្រុកកំពង់សីលា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។ ប៉ុន្តែដោយសារបច្ចុប្បន្នក្រុមហ៊ុនមី នី វ៉ា អ៊ិនវេសម៉ិន ឯ.ក ដែលទទួលបានសិទ្ធិក្នុងការប្រមូលសំរាម និងកាកសំណល់រឹងទីប្រជុំជន មិនទាន់បានរៀបចំទីលានទុកដាក់កាកសំណល់បណ្តោះអាសន្ននៅឡើយដោយរង់ចាំការអនុញ្ញាតិធ្វើទីលានទុកដាក់សំរាមបណ្ដោះអាសន្នពីរដ្ឋបាលខេត្តព្រះសីហនុ ។

ក្នុងន័យនេះរដ្ឋបាលស្រុកសូមធ្វើការពន្យារពេលក្នុងការផ្តល់សេវាប្រមូលសំរាម សំណល់រឹង ទីប្រជុំជនក្នុងស្រុកកំពង់សីលា ដោយរង់ចាំរដ្ឋបាលស្រុក និងក្រុមហ៊ុន រៀបចំទីលានទុកដាក់កាកសំណល់បណ្តោះអាសន្នរួចរាល់ជាមុនសិន។ ដូច្នេះរដ្ឋបាលស្រុកស្នើសុំបងប្អូនប្រជាពលរដ្ឋ និងអាជីវករមេត្តាយោគយល់ចំពោះការយឺតយ៉ាវនេះ រដ្ឋបាលស្រុកនឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលបានភ្ជាប់សេវាប្រមូលសំរាម នៅពេលក្រោយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលបានភ្ជាប់សេវា មេត្តាជ្រាបជាព័ត៌មាន៕






Powered by Blogger.