ស្នងការនគរបាលខេត្តរតនគិរី ចុះសួរសុខទុក្ខកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤សង្កាត់ ក្នុងក្រុងបានលុង

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃចន្ទ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី អញ្ជើញចុះត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលក្រុងបានលុង និងចុះសួរសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងត្រួតពិនិត្យភូមិសាស្ត្រប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤សង្កាត់រួមមានសង្កាត់ឡាបានសៀក សង្កាត់យក្សឡោម សង្តាត់កាចាញ និងសង្កាត់បឹងកន្សែង។ 

ក្នុងពេលចុះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗ លោកឧត្តមសេនីយ៍ទោស្នងការ បានសាកសួរផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាការពារដែលរួមចំណែកក្នុងកិច្ចការពារសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្វែងយល់ពីភូមិសាស្រ្តគ្រប់គ្រងរបស់ប៉ុស្តិ៍នគរបាលសំដៅពិនិត្យមើលលើការប្រឈម និងវិធានការទប់ស្កាត់បទល្មើសផ្សេងៗដែលងាយបង្ករឡើងពីក្រុមជនល្មើស បន្ទាប់មកលោកឧត្តមសេនីយ៍ទោស្នងការក៏បានផ្តល់ប្រសាសន៍ដឹកនាំបន្ថែមទៀតទៅកាន់កងកម្លាំងនគរបាលយើងដើម្បីបំពេញការងារអោយកាន់តែប្រកបដោយប្រសិទ្ធភាព។ 

ក្រោយបញ្ចប់ការងារត្រួតពិនិត្យនៅអធិការដ្ឋានក្រុងបានលុងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរួចមក លោកឧត្តមសេនីយ៍ទោស្នងការ និងក្រុមការងារក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបានលុងបានទទួលទានអាហារសាមគ្គីដើម្បីអរគុណនិងលើកទឹកចិត្តដល់កងកម្លាំងនគរបាលដែលខិតខំបំពេញការងារក្នុងពេលកន្លងមកយ៉ាងមានភាពកក់ក្តៅនិងសោមនស្សរីករាយ៕








Powered by Blogger.