ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ១,៦ ពាន់លានដុល្លារ ដល់អ៊ុយក្រែន
ប្រភព៖ Reuters
ស្តុកខម៖ ប្រទេសស៊ុយអែត នៅថ្ងៃចន្ទបានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ១,៦ ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន ដែលជាការបរិច្ចាគដ៏ធំបំផុតដែលខ្លួនធ្លាប់បានធ្វើ ដើម្បីជួយទីក្រុងកៀវក្នុងការពង្រឹងជំហរចរចារបញ្ចប់សង្រ្គាម។
ការប្រកាសនេះកើតឡើង
ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
កំពុងព្យាយាមសម្របសម្រួលបទឈប់បាញ់នៅក្នុងសង្រ្គាមអ៊ុយក្រែន។
ប្រទេសស៊ុយអែតក៏បានប្រកាសផងដែរថា ខ្លួននឹងបង្កើនជំនួយសរុបដល់អ៊ុយក្រែននៅឆ្នាំនេះ
ដល់ ៤ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់
ដើម្បីជួយដល់ការប្រយុទ្ធរបស់ទីក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal
Jonson បានថ្លែងថា កញ្ចប់ជំនួយភាគច្រើន ដែលមានតម្លៃប្រហែល ១
ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ទិញឧបករណ៍យោធាថ្មី។ ប្រទេសស៊ុយអែត
ក៏នឹងផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ ៥០០
លានដុល្លារដល់ឧស្សាហកម្មការពារជាតិអ៊ុយក្រែនផងដែរ។
លោក Jonson បានសង្កត់ធ្ងន់ថា
អ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាម
ហើយការគាំទ្រអន្តរជាតិគឺចាំបាច់ណាស់ ដើម្បីឱ្យប្រទេសនេះមានជំហររឹងមាំក្នុងការចរចា។
លោកបានជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតបង្កើនការគាំទ្ររបស់ពួកគេផងដែរ៕

Post a Comment