សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារចូលរួមរំលែកមរណទុក្ខជាមួយ លោក សែ វិត និងលោកស្រី ចំពោះមរណភាពពលករលោក មាស សាវ៉ាង
អត្ថបទ៖ ម៉ា សុភាព
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោក សែ វិត និងលោកស្រី ចំពោះមរណភាពរបស់ លោក មាស សាវ៉ាង កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ហើយជួបគ្រោះថ្នាក់ដោយសារការរញ្ជួយដី។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់រូបលោក មាស សាវ៉ាង ដែលជាកូនជាទីស្រឡាញ់ ប្រកបដោយកតញ្ញុតាធម៌ គុណធម៌ ចំពោះឪពុកម្ដាយ ជីដូន ជីតា និងញាតិមិត្តទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក មាស សាវ៉ាង បានទៅកាន់ក្នុងសុគតិភព។
គួរបញ្ជាក់ដែរថា ក្រោយគ្រោះរញ្ជួយដីបានកើតឡើងភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូត ឱ្យចុះទៅផ្ទាល់ដល់កន្លែង កើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងតាមដានស្ថានភាពនៅទីនោះជាប្រចាំ។
នារសៀលថ្ងៃទី៣១ ខែមីនា នេះ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទៅដល់មន្ទីរពេទ្យតម្កល់សពដោយផ្ទាល់ ដើម្បីរួមជាមួយសាច់ញាតិនៃសព និមន្តព្រះសង្ឃស្វាធ្យាយតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មុននឹងដឹកសពចេញដំណើរឆ្ពោះមកស្រុកកំណើតវិញ។
ទន្ទឹមនេះ ក្រុមការងារក្រសួង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលស្រុកម៉ាឡៃ និងមន្ត្រីមានសមត្ថកិច្ចនៅច្រកព្រំដែន បាននិងកំពុងជួយសម្រួលឯកសារផ្សេងៗ រង់ចាំទទួលសព និងកំពុងរៀបចំពិធីបុណ្យសពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋាននៃសពផងដែរ៕




Post a Comment