រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅខេត្តបន្ទាយមានជ័យ
ដោយ : ម៉ា សុភាព
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបជូនថា លោក ជិន សុជា ជាម្ចាស់កសិដ្ឋានផលិតកូនត្រីរូបនេះ មានផ្ទៃដីសរុបចំនួន ៤ហិកតា មានស្រះសរុបចំនួន ៤៧ស្រះ សម្រាប់ចិញ្ចឹមពូជត្រី រួមមាន៖ ត្រីក្រាញ់ ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីឆ្លាំង និងត្រីទីឡាបព្យាក្រហម។ នៅឆ្នាំក្រោយ កសិដ្ឋានមានគោលបំណងពង្រីកបន្ថែមពូជត្រីចំនួន៣បន្ថែមទៀត ដូចជា៖ ត្រីតាឱន ត្រីកេះ និងត្រីកន្ធរ។
លោក ជិន សុជា ម្ចាស់កសិដ្ឋាន បានស្នេីសុំ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្តល់មេពូជត្រីកេះ និងត្រីឆ្លាំង សម្រាប់ដំណេីរការស្រាវជ្រាវ ពង្រីកអាជីវកម្មលេីការផលិតកូនត្រី ២ប្រភេទនេះ ដែលមានតម្រូវការទីផ្សារល្អ និងមានភាពធន់ខ្ពស់។
ជាការឆ្លេីយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសំណេីរខាងលេីនេះដោយឱ្យម្ចាស់កសិដ្ឋានសហការជាមួយ រដ្ឋបាលជលផល ក្នុងការទទួលបានមេពូជត្រី តាមចំនួនដែលត្រូវការ ចំនេញពេលវេលា និងដោះស្រាយបញ្ហាទឹកសម្រាប់ផលិតកម្មវារីវប្បកម្មផងដែរ។







Post a Comment