ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនកម្ពុជា នៅមុខប្រាសាទអង្គរ ត្រូវបានលើកពេល
ភ្នំពេញ៖ ភ្នំពេញ៖ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើនៅថ្ងៃទី១៣-១៤ ខែមេសា ជំនួសវិញ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា
ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត
របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។
សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ធ្លាប់បានគូសបញ្ជាក់ថា
ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះ
ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ
និងព្រលឹងបុព្វបុរសខ្មែរ។
សម្ដេចមហាមន្ត្រី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ
និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ
បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ
នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង»។
សម្ដេចមហាមន្ត្រី បានបន្តថា
ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ
ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក
និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់
និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ
ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។
សម្ដេចមហាមន្ត្រី ជឿជាក់ថា «ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ
ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ
និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ
និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ»៕


Post a Comment