មីយ៉ាន់ម៉ា ប្រកាសភាពអាសន្ននៅតំបន់ចំនួន៦ និងអំពាវនាវរកជំនួយពីអន្តរជាតិ ក្រោយគ្រោះរញ្ជួយដី
ប្រភព៖ AFP
ណៃពិដោ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសភាពអាសន្ននៅតំបន់ចំនួន៦ និងបានអំពាវនាវរកការផ្តល់ជំនួយមនុស្សធម៌ពីអន្តរជាតិ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ បានវាយប្រហារប្រទេសអាស៊ានមួយនេះ ហើយជះឥទ្ធិពលញ័ររញ្ជួយដល់បណ្តាប្រទេសក្បែរខាង ថែមទៀត។
ប្រមុខរដ្ឋាភិបាលយោធា លោក Min
Aung Hlaing ធ្វើដំណើរចុះទៅដល់មន្ទីរពេទ្យមួយកន្លែង
នៅរដ្ឋធានីណៃពិដោ ជាទីដែលអ្នករងរបួសទាំងឡាយ កំពុងទទួលការសង្រ្គោះព្យាបាល
ក្រោយគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់ Mandalay ភាគកណ្តាលប្រទេស។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS
គឺនៅរសៀលថ្ងៃសុក្រនេះ រញ្ជួយដីមួយកម្រិត៧.៧ រ៉ិចទ័រ
បានវាយប្រហារនៅចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ជាទីដែលមានមនុស្សរស់នៅ១.២លាននាក់ ក្នុងជម្រៅត្រឹម
១០គីឡូម៉ែត្រក្រោមផ្ទៃដី ហើយប៉ុន្មាននាទីក្រោយមក
ក៏មានរញ្ជួយដីមួយទៀតកម្រិត៦.៤រ៉ិចទ័រ កើតឡើងចំតំបន់ដដែល។
មកទល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា
នៅតែមិនទាន់ផ្តល់ព័ត៌មានបឋម អំពីទំហំនៃការបំផ្លិចបំផ្លាញ
ឬមនុស្សរងគ្រោះថ្នាក់បាត់បង់ជីវិត និងរងរបួសនៅឡើយទេ។
ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការចែកចាយរូបភាពក៏ដូចជាវីដេអូ
នៅលើបណ្តាញទំនាក់ទំនងសង្គម គ្រោះរញ្ជួយដីខាងលើ បានធ្វើឱ្យអគារជាច្រើនដួលរលំ
ហើយបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានទាំងស្ពាន និងផ្លូវថ្នល់។
ហេតុការណ៍រញ្ជួយផែនដីនេះ ក៏បានជះឥទ្ធិពលញ័ររង្គើដល់ប្រទេសជិតខាងផងដែរ
ជាពិសេសប្រទេសថៃ ដែលមានអគារខ្ពស់កំពុងសាងសង់១ខ្នង ដួលរលំទាំងស្រុង
ហើយអគារខ្ពស់មួយចំនួនទៀត រងការខូចខាត៕

Post a Comment