បែកធ្លាយភាពមិនប្រក្រតីនៃការគ្រប់គ្រងរដ្ឋបាល និងការប្រើប្រាស់ថវិកាជាតិ នៅមណ្ឌលសុខភាពព្រែកក្រឹស ខេត្តកំពត

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានបែកធ្លាយ និងសេចក្តីរាយការណ៍ពីមន្ត្រីជំនាញនៃមន្ទីរសុខាភិបាល ក៏ដូចជាបុគ្គលិកផ្ទៃក្នុងមណ្ឌលសុខភាពព្រែកក្រឹស (ដោយសុំមិនបញ្ចេញអត្តសញ្ញាណ) បានបង្ហាញពីសញ្ញានៃអំពើពុករលួយ និងការប្រើប្រាស់អំណាចរំលោភលើបទដ្ឋានរដ្ឋបាលសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយលោកវេជ្ជបណ្ឌិត អាត អោក ប្រធានមណ្ឌលសុខភាពព្រែកក្រឹស។

តាម​ខ្លឹមសារនៃភាពមិនប្រក្រតីដែលត្រូវបានរកឃើញ រួមមានចំណុចសំខាន់ៗដូចខាងក្រោម៖

​១. ការកិបកេងពេលវេលារដ្ឋបាលបម្រើឱ្យអាជីវកម្មផ្ទាល់ខ្លួន

​លោកវេជ្ជបណ្ឌិត អាត អោក ត្រូវបានរាយការណ៍ថា បានប្រើប្រាស់ម៉ោងរដ្ឋបាលដែលជាពេលវេលាបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ទៅបម្រើការងារនៅបន្ទប់ថែទាំបុគ្គលផ្ទាល់ខ្លួន (ចម្ងាយប្រហែល១០០ ម៉ែត្រពីមណ្ឌលទៅបន្ទប់ថែទាំឯកជនផ្ទាល់ខ្លួន)។ សកម្មភាពនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពការងារនៅក្នុងមណ្ឌលសុខភាព និងជាការរំលោភលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។

២. ការគ្រប់គ្រងបែបបក្ខពួកនិយម និងអត្តនោម័តិ

​មានការដាក់ដំឡើងកាមេរ៉ាសុវត្ថិភាពនៅក្នុងមណ្ឌលសុខភាព ដែលត្រូវបានគ្រប់គ្រងដោយឯកជនភាព និងអាថ៌កំបាំងបំផុត។ ប្រព័ន្ធសុវត្ថិភាពនេះ មិនត្រូវបានអនុញ្ញាតឱ្យអនុប្រធានមណ្ឌល ឬមន្ត្រីសុខាភិបាលផ្សេងទៀតចូលពិនិត្យ ឬមើលទិន្នន័យឡើយ ដែលនេះជាចេតនាក្នុងការបិទបាំងសកម្មភាពមិនប្រក្រតី និងការគ្រប់គ្រងដែលខ្វះតម្លាភាព។

៣. ភាពមិនប្រក្រតីនៃកញ្ចប់ថវិកាលើកកម្ពស់សេវាសុខាភិបាល (លេខកូដ ៦២០២៨)

​ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន (២០២៦) ការប្រើប្រាស់កញ្ចប់ថវិកា ៦២០២៨ មិនមានសមាមាត្រទៅនឹងសមិទ្ធផលរូបវន្ត និងគុណភាពសេវាកម្មនៅក្នុងមណ្ឌលនោះទេ។ ផ្អែកតាមទិន្នន័យថវិកា ​ឆ្នាំ២០១៧-២០១៨ មណ្ឌលទទួលបាន ២៤ លានរៀល/ឆ្នាំ។

*​ឆ្នាំ២០២១-២០២២៖ មណ្ឌលទទួលបាន ២៤,៤០ លានរៀល/ឆ្នាំ។

​*ឆ្នាំ២០២៣-២០២៦ មណ្ឌលទទួលបានរហូតដល់ ៤៥ លានរៀល/ឆ្នាំ (សម្រាប់ប្រជាជនលើស ១ម៉ឺននាក់)។

​ទោះបីជាកញ្ចប់ថវិកាមានការកើនឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែស្ថានភាពជាក់ស្តែងនៅក្នុងមណ្ឌលសុខភាព មិនមានការរីកចម្រើនទៅតាមទំហំទឹកប្រាក់ដែលរដ្ឋបានផ្តល់ឱ្យនោះទេ ដែលនាំឱ្យមានការសង្ស័យថាមានការបាត់បង់ថវិកាជាតិក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ។

យ៉ាងណា ពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើ  លោកវេជ្ជបណ្ឌិត អាត អោក បានបញ្ជាក់ប្រាប់អង្គភាពភ្នំពេញដេលីថា៖

១ លោកធ្វើការនៅបន្ទប់ថែទាំរបស់ខ្លួន នៅពេលទំនេរពីការងារ នៅមណ្ឌលសុខភាព និងមុនពេលទៅមណ្ឌលសុខភាព ឬក្រោយពេលមកពីមណ្ឌលភាព។

២ ចំពោះកាមេរ៉ាសុវត្ថិភាព លោកបញ្ជាក់ថាមិនមានគោលការណ៍ពីមន្ទីរឱ្យដាក់មើលឃើញទាំងអស់គ្នាទេ លោកក៏មិនបានហាមឃាត់ដែរ ប៉ុន្តែលោកភ្លេចលេខកូដ ( password )

៣ ចំពោះកញ្ចប់ថវិកាលើកកម្ពស់សេវាសុខភាព លេខកូដ ៦២០២៨  លោកបានឲ្យដឹងថា រាល់ការចំណាយ មានបញ្ជីឯកសារ និងវិក្កយបត្រត្រឹមត្រូវ។

មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលបានលើកឡើងថា ភាពមិនប្រក្រតីខាងលើ គឺជាដំបៅមហារីកនិងជាដង្កូវសង្គម បំផ្លាញកោសិកាស្ថាប័ននិងសង្គមជាតិ ទាមទារឲ្យមានការវះកាត់និងព្យាបាល។ ​ក្នុងនាមជាមន្ត្រីដែលខ្វល់ខ្វាយពីប្រយោជន៍សាធារណៈ និងតម្លាភាព យើងខ្ញុំសូមគោរពស្នើសុំដល់​ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពត ចុះពិនិត្យ និងវាយតម្លៃឡើងវិញជាបន្ទាន់លើសមត្ថភាពដឹកនាំ និងវិន័យការងាររបស់លោក អាត អោក។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាបើកការស៊ើបអង្កេតស៊ីជម្រៅលើការចំណាយថវិកា (៦២០២៨) ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ដើម្បីវែកមុខបុគ្គលដែលកិបកេងថវិកាជាតិ។

​ស្ថាប័នអធិការកិច្ចពាក់ព័ន្ធ ពិនិត្យលើការគ្រប់គ្រងបុគ្គលិក និងការប្រើប្រាស់សម្ភារៈរដ្ឋនៅក្នុងមណ្ឌលសុខភាពព្រែកក្រឹស។

 សូមបញ្ជាក់ថា ​សេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងស្ថាបនា និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ក៏ដូចជាដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងវិស័យសុខាភិបាល៕









Powered by Blogger.