ថៃ៖ ៣នាក់ស្លាប់, ៨១នាក់ជាប់នៅក្នុងគំនរថ្មបាក់បែករបស់សំណង់អគារកម្ពស់ ៣០ជាន់ ដែលដួលរលំ
ប្រភព៖ AFP
បាងកក៖ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឱ្យដឹងថា កម្មករយ៉ាងហោច៣នាក់ បានបាត់បង់ជីវិត នៅពេលអគារខ្ពស់១ខ្នង កម្ពស់ប្រមាណ៣០ជាន់ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ បានដួលរលំនាថ្ងៃសុក្រនេះ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់។
ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham
Wechayachai បាននិយាយថា មានកម្មករសរុប៨១នាក់
បានជាប់ខ្លួននៅក្រោមគំនរបាក់បែក ក្រោយការបាក់ស្រុតអគារខាងលើ
ដែលកើតឡើងនៅភាគខាងជើងទីក្រុងបាងកក ដោយសារឥទ្ធិពលរំញ័រ
នៃគ្រោះរញ្ជួយផែនដីកម្រិតរហូតដល់៧.៧រ៉ិចទ័រ
ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាឯណោះ។
រដ្ឋាភិបាលថៃ បានប្រកាសដាក់ទីក្រុងបាងកក
ជាតំបន់រងគ្រោះមហន្តរាយកម្រិតទី២ ហើយអភិបាលក្រុង លោក Chadchart
Sittipunt ត្រូវបានបង្គាប់ឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួល
កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ។
បើតាមលោក Chadchart គ្រោះរញ្ជួយដី
បានបង្កឱ្យមានការខូចខាតចំពោះ អគារខ្ពស់ៗជាច្រើន នៅបាងកក។
ស្របពេលជើងហោះហើរចេញចូលទីក្រុងបាងកក នៅប្រតិបត្តិការជាធម្មតា ក្រសួងដឹកជញ្ជូនថៃ
បានសម្រេចឱ្យផ្អាកសេវាដឹកជញ្ជូនសាធារណៈ ដូចជារថយន្តក្រុង និងរថភ្លើង
ជាបណ្តោះអាសន្ន៕

Post a Comment