៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់ ចូលរួមដើរលេងកំសាន្ត

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ ជាភ្ញៀវជាតិនិង ភ្ញៀវទេសចរអន្តរជាតិជាង ៦លាននាក់ បានមកទស្សនា ដើរលេងកំសាន្ត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ។

បើតាមលោកស្រី ដោ សម្ផស្ស បញ្ជាក់ថាសម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញឆ្នាំ២០២៤នេះ មានអ្នកចូលរួម ទស្សនាកម្សាន្ត ជាង១លាន១សែននាក់, ថ្ងៃទី២ មានប្រមាណជាង ២លាន ២សែននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក មានប្រមាណជាង ២លាន៩សែននាក់ ។

លោកស្រីអ្នកនាំពាក្យបានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយវិញ មានការការពាររក្សាសន្តិសុខសុវត្ថិភាព ដោយយកចិត្តទុកដាក់ ពីបងប្អូនមន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហើយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំជាតិ និងកងកម្លំាងគ្រប់ផ្នែកដែលពាក់ព័ន្ធធ្វើឱ្យព្រះរាជពិធីនេះ មានសន្តិសុខ សណ្តាប់ ធ្នាប់ល្អណាស់ ពោលគឺពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង៕


















Powered by Blogger.