ពលរដ្ឋរស់នៅភូមិតាង៉ូវក្រោម រិះគន់ក្រុមហ៊ុនគ្រឿងចក្រកាយផ្លូវដាក់លូ គ្មានស្តង់ដារបច្ចេកទេស ហើយគ្មានអាជ្ញាធរសង្កាត់ ឬខណ្ឌចុះត្រួតពិនិត្យ
ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងពីការខ្វះខាតបណ្តាញលូបង្ហូរទឹកស្អុយនៅក្នុងមូលដ្ឋាន ពិសេសពួកគាត់ត្អូញត្អែរពិបាកក្នុងការធ្វើដំណើរ ព្រោះផ្លូវមានសភាពបែកវ៉ល់ខ្លាំងស្ទើរតែចេញពីផ្ទះមិនរួច។
បើតាមការបង្ហោះលើបណ្តាញសង្គម ប្រជាពលរដ្ឋបានលើកឡើងថា (លំបាកលើសដើម និងធ្វើការឲ្យរួចតែពីដៃ) ផ្លូវនៅភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានតបណ្តាញលូចូលរួចហើយ នៅប៉ុន្មានថ្ងៃមុននេះ តែអ្វីដែលកត់សម្គាល់ ក្រុមហ៊ុនគ្រឿងចក្រធ្វើការ ខ្វះការយកចិត្តទុកដាក់បំផុត គ្មានឃើញអាជ្ញាធរមូលដ្ឋាន សង្កាត់ ឬខណ្ឌ មកត្រួតពិនិត្យផ្លូវនេះទេ។
ពលរដ្ឋបានលើកឡើងថា ក្រុមគ្រឿងចក្រឈូសឆាយកាយដាក់លូ គ្មានស្តង់ដារបច្ចេកទេស(ធ្វើឲ្យរួចពីដៃ) ក្រុមគ្រឿងចក្រមិនបានឈូសឆាយផ្លូវឲ្យរាបស្មើ បង្កការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋបានលើកឡើងថា ពេលចូលផ្ទះម្តងៗ ម៉ូតូត្រូវចុះបណ្តើរ រថយន្តត្រូវជាប់ផុងដោយសារល្បាប់ភក់ នៅពេលមានភ្លៀងម្តងៗ ដោយពួកគាត់អំពាវនាវដល់ អភិបាលរាជធានីភ្នំពេញ មេត្តាចុះពិនិត្យករណីនេះផង ! ផ្លូវនេះរាប់ឆ្នាំ ទើបបានលូ និងប៉ុន្មានឆ្នាំទៀត ទើបបានផ្លូវបេតុងនឹងគេ....៕
Post a Comment