ទូក«ង»ខេត្តស្ទឹងត្រែងចំនួនពីរ ទទួលបានលេខ២៨ និងលេខ៨៤ ក្នុងការប្រកួតរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ!
អត្ថបទ៖ ដេង ម៉ាវិន (ស្ទឹងត្រែង)
ខេត្តស្ទឹងត្រែង៖ ក្នុងរយៈពេលនៃការប្រកួតទូក«ង»នៃព្រះរាជពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែ ខេត្តស្ទឹងត្រែងបានបញ្ជូនទូក«ង»ចំនួនពីរ ដើម្បីចូលរួមប្រកួតក្នុងនោះទូកទាំងពីរនៃខេត្តស្ទឹងត្រែងបានទទួលចំណាត់ថ្នាក់លេខ២៨ និងលេខ៨៤ បន្ទាប់ពីការប្រកួតរយៈពេល៣បានបញ្ចប់ថ្ងៃរួចរាល់ទៅ ។
ក្រោមការយកចិត្តទុកដាក់ និងចង្អុរបង្ហាញពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ដោយទទួលអនុវត្តដឹកនាំផ្ទាល់របស់លោក ស៊្រន សំឬទ្ធី អភិបាលរងខេត្ត ព្រមទាំងអនុគណៈកម្មការគ្រប់គ្រងទូក«ង»ខេត្តផងនោះ បានធ្វើឱ្យក្រុមកីឡាករទូក«ង» របស់ខេត្តស្ទឹងត្រែងទទួលបានចំណាត់ថ្នាក់ហួសពីការរំពឹងទុកដែលនេះ គឺជាមោទនភាពមួយសម្រាប់ខេត្តស្ទឹងត្រែងយើង ។
ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មការផ្គត់ផ្គង់ទៅលើចំណីអាហារ និងការហូបចុកព្រមទាំងការស្នាក់នៅបានគ្រប់គ្រាន់ និងក្រុមគ្រូពេទ្យចាំជួយយកចិត្តទុកដាក់ថែទាំសុខភាពផងនោះ ទូក«ង»ទាំងពីររបស់ខេត្តស្ទឹងត្រែង បានរកឃើញថា៖ ទូក«ង» ព្រះនាម ⟨ស្ទឹងត្រែងសែនជ័យបារមីព្រះអង្គធំ⟩ ទទួលបានចំណាត់ថ្នាក់លេខ២៨ ក្នុងចំណោមគូពិសេស១២៦គូ ដោយប្រើថេរវេលា ២៩:១៥:៨៦ និងទូក«ង» ព្រះនាម ⟨មហាតេជៈសែនជ័យកងចក្រស្ទឹងត្រែង⟩ ទទួលបានចំណាត់ថ្នាក់លេខ៨៤ ចំណាយថេរវេលា ៣០ៈ១៥:២៥ ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក«ង» ខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថាៈ កីឡារស់ក្នុងសន្តិភាព ដោយទាមទារឱ្យក្រុមកីឡាករទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ក្នុងនាមជាកីឡាករអុំទូកតំណាងឱ្យខេត្តស្ទឹងត្រែង និងតំណាងឱ្យប្រជាជនខេត្តស្ទឹងត្រែងទាំងមូលផងដែរ៕
Post a Comment