លោក ខាន់ វ៉ាន់ឌី ចេញវីដេអូសុំទោស បន្ទាប់ពីផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរិះគន់ធ្វើឲ្យប៉ះពាល់ដល់ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក ខាន់ វ៉ាន់ឌី និពន្ធនាយកគេហទំព័រសារព័ត៌មាន អាយសុីឌីធីវីអនឡាញ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញក្លីបវីដេអូ (video)សុំទោសដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីលោកបានធ្វើការរិះគន់ដល់ក្រសួងព័ត៌មាន ដែលជាស្ថាប័ននីតិប្រតិបត្តិ របស់រាជរដ្ឋាភិបាល ទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ និងទទួលស្គាល់ដោយព្រះមហាក្សត្រ ព្រះរាជក្រមលេខ ន.ស.រ.ក.ម/០១៩៦/១៤ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មានថា «មិនគួរណាដាក់ជាក្រសួងព័ត៌មានទេ គួរដាក់ក្រសួងការពារអ្នកមាន»។
ការរិះគន់បែបនេះ បន្ទាប់ពីរូបលោកបានចេញពីឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តកែប នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ឈ្មោះ សៅ សារឿន ហើយបើតាម video ដែលផ្តល់បទសម្ភាសន៍ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមរយៈផេកគេហទំព័រ អាយសុីឌីធីវីអនឡាញ ICD TV ការលើកឡើងរបស់លោក ខាន់ វ៉ាន់ឌី ហាក់ដូចជាផ្ទុយទៅនឹងលិខិតព្រមានចុងក្រោយរបស់ក្រសួងព័ត៌មាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលអាចធ្វើឲ្យមហាជនមានការយល់ច្រឡំផងដែរ។
បើតាមរយ:ក្លីបវវីដេអូ(video) ដែលអង្គភាពសារព័ត៌មាន "ភ្នំពេញដេលី" sapormean Phnom Penh Daily ទទួលបាននៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ខាន់ វ៉ាន់ឌី និពន្ធនាយកគេហទំព័រសារព័ត៌មាន អាយសុីឌីធីវីអនឡាញ បានធ្វើការសារភាពនូវកំហុសឆ្គងរបស់ខ្លួនដែលកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខអយ្យការអមសាលាដំបូងខេត្តកែប បន្ទាប់ពីលោកបានចេញពីឆ្លើយពាក់ព័ន្ធករណីបណ្តឹងរបស់លោក សៅ សារឿន ពេលលោកចេញមកវិញដោយសារមានបងប្អូនអ្នកសារព័ត៌មានសួរហេតុផល លោកក៏បាននិយាយធ្វើឲ្យប៉ះពាល់ដល់ក្រសួងព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមានខ្លឹមសារថា «តើក្រសួងព័ត៌មាន គឺជាក្រសួងការពារអ្នកមាន ឬមួយជាក្រសួងព័ត៌មាន»។
លោក ខាន់ វ៉ាន់ឌី បានទទួលស្គាល់ថា ខ្លួនពិតជាបានលើសលស់ជ្រុលសំដី បាននិយាយពិតមែន ដោយសុំធ្វើការអាធ្យាស្រ័យ និងយោគយល់ពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយលោកបានលើកឡើងថា មួយរយៈនេះ អង្គភាពសារព័ត៌មានរបស់លោក បានរងសម្ពាធពីសំណាក់មជ្ឈដ្ឋានដែលនៅជុំវិញខ្លួនច្រើនពេក ទើបធ្វើឲ្យការឡាយ អត្ថាធិប្បាយរបស់លោក បានប្រើប្រាស់ពាក្យពេចន៍សំដី ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងព័ត៌មាន។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱកាសដែលអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ដែលមានប្រវែងសរុប ១២.៦៤៥ ម៉ែត្រ ក្រោមកម្ចីឥណទានសម្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យប្រព័ន្ធព័ត៌មានផ្សព្វផ្សាយព័ត៌មាន ឱ្យសុក្រឹតមានវិជ្ជាជីវៈ កុំរំលោភព្រំដែនច្បាប់ មានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ។
សម្តេចក៏បានបង្ហាញការគាំទ្រ និងកោតសរសើរអ្នកសារព័ត៌មាន ដែលបានផ្សាយព័ត៌មានពិត បានរួមចំណែកដល់ការដោះស្រាយបញ្ហានៅតាមមូលដ្ឋានបានលឿន និងធ្វើឱ្យពលរដ្ឋទទួលបាននូវព័ត៌មានពិត។
សម្តេចបានជំរុញឱ្យស្ថាប័នសារព័ត៌មានដែលដឹងថា ខ្លួនផ្សាយខុសត្រូវផ្សាយកែតម្រូវឡើងវិញ ដើម្បីឱ្យសាធារណជនដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរនឹងការទទួលបាននូវផលប្រយោជន៍ណាមួយ។
សម្តេចមានប្រសាសន៍ថា «សូមផ្សាយឱ្យមានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ បើសិនជាខុសសូមកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពេលដែលបានព័ត៌មានសូមផ្សាយទៅ ដើម្បីបង្ហាញថា ខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ អាព្យាក្រឹត្យ ហើយការប្រើប្រាស់ព័ត៌មានដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ច ឬអ្វីមួយ គឺត្រូវជៀសឱ្យផុត ព្រោះជួនកាលឈ្លោះគ្នាលេងតាមព័ត៌មានទៅបង្កាច់បង្ខូចម្នាក់ផ្សេងៗទៀត អាហ្នឹងគេប្តឹងបាន»។
សម្តេចបានថ្លែងថា បើទោះបីជាព័ត៌មានពិតផ្សព្វផ្សាយច្រើនក៏ដោយ ប៉ុន្តែក៏មានព័ត៌មានមិនពិតច្រើនដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សង្គម និងធ្វើឱ្យសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយព័ត៌មានមិនពិត៕ (មើល video)

Post a Comment