ក្រុមហេសបូឡា តែងតាំងលោក Naim Qassem ជាមេដឹកនាំកំពូលថ្មី
ប្រភព៖ Reuters
បេរូត៖ ក្រុមចលនាប្រដាប់អាវុធលីបង់ ហេសបូឡា នៅថ្ងៃអង្គារ ទី២៩ ខែតុលានេះ បានប្រកាសឱ្យដឹងថា ខ្លួនបានជ្រើសរើស មេដឹកនាំរង លោក Naim Qassem ឱ្យឡើងធ្វើជាមេដឹកនាំកំពូលថ្មីតែម្តង បន្ទាប់ពីមេដឹកនាំមុនគឺលោក Hassan Nasrallah ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល នៅជាយភាគខាងត្បូងរដ្ឋធានីបេរូតនៃប្រទេសលីបង់ កាលពី១ខែមុន។
ក្រុមហេសបូឡា
បាននិយាយថា ក្រុមប្រឹក្សា Shura
របស់ខ្លួន បានសម្រេចបោះឆ្នោតជ្រើសរើស លោក Qassem អាយុ៧១ឆ្នាំ ដោយស្របទៅតាមយន្តការ ដែលត្រូវបានកំណត់
សម្រាប់ការជ្រើសរើសអគ្គលេខាធិការរបស់ក្រុមនេះ។ លោក Qassem ត្រូវបានតែងតាំងជាអគ្គលេខាធិការរងរបស់ហេសបូឡា តាំងតែពីឆ្នាំ១៩៩១
ដោយអតីតអគ្គលេខាធិការនៃក្រុមនេះ គឺលោក Abbas al-Musawi ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយឧទ្ធម្ភាគចក្ររបស់អ៉ីស្រាអែល
នៅឆ្នាំ១៩៩២។
លោក Qassem បានបន្តកាន់តំណែងជាអគ្គលេខាធិការរងដដែល នៅពេលលោក Nasrallah បានក្លាយជាមេដឹកនាំថ្មី ហើយរូបលោក បានដើរតួជាអ្នកនាំពាក្យឈានមុខមួយរូប
របស់ក្រុមហេសបូឡា អស់រយៈពេលជាយូរណាស់ហើយ
ដោយបានធ្វើបទសម្ភាសជាមួយបណ្តាញសារព័ត៌មានបរទេសនានា។ ចាប់តាំងពីលោក Nasrallah ត្រូវបានអ៉ីស្រាអែលសម្លាប់ លោក Qassem ធ្លាប់បានចេញមុខថ្លែងសារតាមកញ្ចក់ទូរទស្សន៍៣លើក ក្នុងនោះរួមមានកាលពីថ្ងៃទី៨
ខែតុលា ដែលលោកបាននិយាយថា ហេសបូឡាគាំទ្រចំពោះកិច្ចប្រឹងប្រែង
ដើម្បីឈានដល់បទឈប់បាញ់នៅលីបង់ ជាមួយអ៉ីស្រាអែល។
សូមជម្រាបថា លោក
Hassan
Nasrallah ត្រូវបានសម្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា
ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ទៀត របស់ហេសបូឡា គឺលោក Hashem Safieddine ដែលត្រូវជាបងប្អូនជីដូនមួយរបស់លោក Nasrallah ត្រូវបានចាត់ទុកថា ជាបេក្ខជននាំមុខគេ ដើម្បីស្នងតំណែងជាមេដឹកនាំកំពូលថ្មី
ប៉ុន្តែក៏ត្រូវបានសម្លាប់ដូចគ្នាផងដែរ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល
នៅមួយសប្តាហ៍ក្រោយពេលនោះ៕
Post a Comment