អគ្គមេបញ្ជាការកងទ័ព នាំយកអាវរងាជាអំណោយសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ឲ្យកងកម្លាំងឈរជើងការពារបូរណភាពទឹកដីទិសទី១!

អត្ថបទ៖ ម៉ាវិន

ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត មកផ្តល់ជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារបូរណភាពទឹកដីទិសទី១ ខេត្តព្រះវិហារ ។

ថ្លែងក្នុងពិធីនោះកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធផ្សេងទៀត នៅក្នុងភារកិច្ចការពារបូរណភាពទឹកដី និងដំណើរការកសាងពង្រឹងអង្គភាព ដោយទទួលបានស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ ។

អគ្គមេបញ្ជាការ បានកត់សម្គាល់ពីសភាពការណ៍ជាតិ អន្តរជាតិ សំខាន់ៗដែលកើតមានក្នុងពេលបច្ចុប្បន្ន និងថាមពលដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បន្តថែរក្សាសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី ពុះពាររាល់កិច្ចការដែលសេសសល់ពីរាជរដ្ឋាភិបាលអាណត្តិមុន និងស្វែងរកបច្ចេកវិទ្យាថ្មីៗ ដើម្បីប្រកួតប្រជែងនឹងបណ្តាប្រទេសលើសកលលោក ។

នាយឧត្ដមសេនីយ៍ ក៏បានផ្តាំផ្ញើដល់មេបញ្ជាការទាំងអស់ សូមយកចិត្តទុកដាក់ពីការគ្រប់គ្រងកម្លាំង និងការប្រុងប្រយ័ត្នចំពោះកម្លាំងអមិត្តដែលប្រើប្រាស់រូបភាពបដិវត្តពណ៌ និងកលល្បិច ប៉ុនប៉ងផ្តួលរំលំករាជរដ្ឋាភិបាល បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម និងកិច្ចសហការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ក្នុងនោះរួមមាន៖ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងការជួញដូរមនុស្សជាដើម៕

















Powered by Blogger.