ប្រជាពលរដ្ឋជាង៦ម៉ឺននាក់មកកម្សាន្តពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងភ្ញៀវទេសចរណ៍ជាង៦ម៉ឺននាក់បានមកកម្សាន្តពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ត ។
ក្នុងពិធីប្រណាំងទូកងរយៈពេលពីថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់២៧តុលាឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖នេះជាការអនុវត្តបានត្រឹមត្រូវតាមលក្ខណបច្ចេលទេស ហើយយើងបានបង្ហាញពីការចូលរួមប្រកបដោយភាពសប្បាយរីករាយនិងបានលើកកម្ពស់ថែរក្សាអភិរក្សវប្បធម៌ប្រពៃណី នៃព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលយើងបានរៀបចំធ្វើឡើងនៅក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំទៅតាមទំនៀមទំលាប់ ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ការរៀបចំពីធីប្រណាំងទូកនៅខេត្តស្ទឹងត្រែងយើងបានបង្កឱកាសឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយផង និងបានបង្ហាញពីភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំមន្ទីរស្ថាប័ន កងកម្លាំងទាំង៣ក្នុងការរួមសាមគ្គីគ្នា ធ្វើដំណើរជាមួយគ្នាក្រោមដំបូលសន្តិភាព ។
លោក ហ៊ាង ប៉ូលីប្រ ធានគណៈកម្មការរៀបចំការប្រណាំងទូកបានបញ្ជាក់ថា៖ឆ្នាំនេះមានទូកចំនួន២៤ទូកចូលរួមប្រណាំង ហើយក្រុមកីឡាករចំណុះទូកនិមួយៗ មកពីបណ្តាក្រុង ស្រុក ដើម្បីមកដណ្តើមយកចំណាត់ថ្នាក់ និងជ័យលាភីជូនអង្គភាព និងមូលដ្ឋានរបស់ខ្លួន ។
លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឱ្យដឹងថា មានភ្ញៀវមកលេងកម្សាន្ត ៦៥០០០ នាក់ក្នុងរយៈពេល២ថ្ងៃនៅថ្ងៃទី២៦.២៧ នៃពិធីប្រណាំងទូក ប្រកួតកីឡាប្រដាល់ ការសំដែងរបាំងប្រពៃណី និងតាំងពិពណ៍ផលិតផល ។ បើធៀបនឹងឆ្នាំមុន ភ្ញៀវទេសចរណ៍មានការកើនចំនួន៤០,៥៨៩នាក់ស្មើនឹង១៦៦,២៧% ក្នុងនោះភ្ញៀវជាតិ៦៤,៩៥៥នាក់ កើន៤០,៥៦៩នាក់ ស្មើនិង១៦៦,៣៦% រីឯភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៤៥នាក់ កើន២០នាក់ស្មើនឹង៨០% ៕
Post a Comment