ទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា កាន់តែពូនជ្រំស៊ីជម្រៅ និងរឹងមាំជាងមុន
ភ្នំពេញ ៖ ឯកអគ្គរាជទូតម៉ាឡេស៊ី លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរវាងម៉ាឡេស៊ី -កម្ពុជា កាន់តែស៊ីជម្រៅ និងរឹងមាំ តាមរយៈធុរកិច្ច ជាពិសេសធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា ។
ការថ្លែងរបស់ លោក សាហារូឌីន ប៊ីន
អន (Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសបុណ្យឯករាជ្យជាតិម៉ាឡេស៊ី លើកទី៦៧ ដែលបានប្រារព្ធធ្វើឡើង
ក្នុងស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា
ឆ្នាំ២០២៤ ។
«ក្នុងនាមជាជនជាតិម៉ាឡេស៊ី
និងជាឯកអគ្គរាជទូតម៉ាឡេស៊ី ពិតណាស់ ខ្ញុំមានមោទនភាពក្រៃលែង
ដែលសាជីវកម្មម៉ាឡេស៊ី រួមទាំងផលប្រយោជន៍អាជីវកម្មរបស់ម៉ាឡេស៊ី
និងប្រជាជនម៉ាឡេស៊ី នៅក្នុងពិភពសាជីវកម្ម ឬអាជីវកម្មលេចធ្លោនៅកម្ពុជា
។ វត្តមានម៉ាឡេស៊ី ត្រូវបានទទួលយក និងទទួលស្គាល់ថា
ជាផ្នែកមួយនៃទិដ្ឋភាពសាជីវកម្ម និងធុរកិច្ចកម្ពុជា
ហើយក៏បានចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ» ។
នេះបើយោងតាមសារលិខិតជូនពរ
របស់លោក សាហារូឌីន ប៊ីន អន (Shaharuddin Onn) ជូនជនរួមជាតិម៉ាឡេស៊ី
ជាមួយគ្នានេះ លោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចម៉ាឡេស៊ី
ដើម្បីធ្វើប្រតិបត្តិការ និងរីកចម្រើននៅកម្ពុជា ។
កម្ពុជា ជាដៃគូពាណិជ្ជធំទី៩ របស់ម៉ាឡេស៊ី នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយមានទំហំពាណិជ្ជកម្មជាង ៦០០លានដុល្លារក្នុងមួយឆ្នាំ ។
សូមជម្រាបជូនថា កម្ពុជា និងម៉ាឡេស៊ី បានបង្កើតទំនាក់ទំនងការទូតទ្វេភាគី
តាំងពីឆ្នាំ១៩៥៧មកម្ល៉េះ៕


Post a Comment