ចិន ប្រាប់សហភាពអឺរ៉ុប ឱ្យប្រយ័ត្នសម្ដី ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង

 ប្រភព៖ Reuters

ប៉េកាំង៖ ចិនបានជំរុញឱ្យសហភាពអឺរ៉ុបប្រយ័ត្នសម្ដី ប្រកាន់ខ្ជាប់ភាពយុត្តិធម៌ និងមិនលម្អៀង ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក្រោយ ប្លុកអឺរ៉ុបមួយនេះបានធ្វើអត្ថាធិប្បាយលើឧបទ្ទវហេតុមួយរវាងចិន និងហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ។

ចិន និងហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញហេតុការណ៍ការបុកទង្គិចគ្នារវាងនាវា និងនាវាឆ្មាំសមុទ្រនៃប្រទេសទាំង២ នៅដែនទឹកមានជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង។ ការបុកទង្គិចគ្នានេះ បានកើតឡើងនៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal ហើយក៏ជាការប្រឈមមុខដាក់គ្នា លើកទី៥ ផងដែរ ក្នុងរយៈពេលមួយខែមកនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់បេសកកម្មចិនប្រចាំទ្វីបអឺរ៉ុប ទីក្រុងប៉េកាំង បាននិយាយថាខ្លួនមិនសប្បាយចិត្តទាល់តែសោះចំពោះការចោទប្រកាន់របស់សហភាពអឺរ៉ុប ប្រឆាំងនឹងចិន លើបញ្ហាសមុទ្រចិនខាងត្បូង។

តាមបេសកកម្មចិន សហភាពអឺរ៉ុបមិនមែនជាភាគីក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ហើយក៏គ្មានសិទ្ធិចោទប្រកាន់អ្នកនេះ ឬអ្នកនោះ លើបញ្ហានេះនោះដែរ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ដែរថាការបំផ្លើសបំប៉ោងម្ដងហើយម្ដងទៀតរបស់សហភាពអឺរ៉ុបពីសេរីភាពនៃការធ្វើនាវាចរណ៍ មិនបានផ្ដល់ផលចំណេញអ្វីដល់ប្រយោជន៍របស់សហភាពអឺរ៉ុប និងការជឿទុកចិត្តពីអន្តរជាតិនោះឡើយ៕



 

Powered by Blogger.