របបយោធាមីយ៉ាន់ម៉ា ប្រកាសពីការធ្វើជំរឿនទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតសកល ឆ្នាំ២០២៥
ប្រភព៖ Reuters
ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃចន្ទនេះថា រដ្ឋាភិបាលយោធា នៅខែក្រោយនឹងចាប់ផ្តើម ការធ្វើជំរឿនប្រជាជននិងគ្រួសារទូទាំងប្រទេស ដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតសកលថ្មី ដែលត្រូវបានសន្យាថា នឹងរៀបចំឡើងនៅឆ្នាំ២០២៥ ចំពោះមុខការប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាម នៅតាមផ្នែកជាច្រើននៃផ្ទៃប្រទេស។
អំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ
ប្រមុខរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា
ទិន្នន័យនៃការធ្វើជំរឿននោះ ដែលនឹងប្រមូលនៅចន្លោះថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៥ ខែដដែល
នឹងត្រូវប្រើប្រាស់ ដើម្បីរៀបចំការបោះឆ្នោតសកលថ្មីមួយ ដែលសេរី យុត្តិធម៌ ពហុបក្ស
និងតាមលទ្ធិប្រជាធិបតេយ្យ ដោយជោគជ័យ នាឆ្នាំក្រោយ។
ប្រទេសអាស៊ាន ដែលមានប្រជាជន៥៥លាននាក់មួយនេះ
បានធ្លាក់ទៅក្នុងភាពចលាចល ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១
នៅពេលយោធាបានធ្វើរដ្ឋប្រហារទម្លាក់ រដ្ឋាភិបាលគណបក្ស NLD
របស់លោកស្រី អោងសាន ស៊ូជី ក្រោមការចោទប្រកាន់ថា ការបោះឆ្នោតសកល
ដែលបក្សលោកស្រីបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី កាលពីចុងឆ្នាំ២០២០
គឺមានការក្លែងបន្លំ។
រដ្ឋប្រហារយោធា
បាននាំឱ្យផ្ទុះបាតុកម្មទូទាំងប្រទេស ហើយយោធាបានធ្វើការបង្រ្កាបយ៉ាងចាស់ដៃ
រហូតប្រែក្លាយចលនាបាតុកម្មនោះ ទៅជាចលនាប្រឆាំងប្រដាប់អាវុធ។ សព្វថ្ងៃ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបាត់បង់ការគ្រប់គ្រងលើទឹកដីមួយភាគធំ
ចំពោះមុខការវាយលុករបស់ក្រុមឧទ្ទាម។
យ៉ាងណាមិញ បោះឆ្នោតដែលសន្យានោះ គឺកន្លងមក
ត្រូវបានមតិភាគច្រើនសន្និដ្ឋានរួចហើយថា នឹងជាការបោះឆ្នោតក្លែងក្លាយ
ហើយលទ្ធផលទំនងជា នឹងមិនមានការទទួលស្គាល់ ពីក្រុមប្រទេសលោកខាងលិចឡើយ
ដ្បិតគណបក្សនយោបាយជាច្រើន ត្រូវបានរំលាយចោល និងជាប់បម្រាម ក្នុងនោះមានទាំង
គណបក្សដ៏មានប្រជាប្រិយ National League for Democracy (NLD) ដែលរបបសឹកបានផ្តួលរំលំ៕

Post a Comment