ចូ បៃដិន ដកខ្លួនចេញពីការប្រកួតបោះឆ្នោតប្រធានាធិបតីអាមេរិក និងគាំទ្រអនុប្រធានាធិបតី Kamala Harris
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកហើយ ចំពោះមុខការអំពាវនាវកាន់តែច្រើននៅក្នុងគណបក្សប្រជាធិបតេយ្យឱ្យរូបលោកធ្វើដូច្នេះ។
ជាមួយការសម្រេចចិត្តដកខ្លួន លោក ចូ បៃដិន ក៏បានផ្ដល់ការគាំទ្រដល់អនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ដើម្បីជំនួសរូបលោកក្នុងនាមជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាផងដែរ។ លោក បៃដិន ៨១ឆ្នាំ បានបន្ថែម នៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាលោកនឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រួមទាំងជាអគ្គមេបញ្ជាការកងទ័ពរហូតដល់អាណត្តិរបស់លោកផុតសុពលភាព នៅខែមករា ឆ្នាំ២០២៥ ហើយលោកផ្ទាល់នឹងថ្លែងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអាមេរិកក្នុងសប្ដាហ៍នេះ។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាងកន្លះស.វមកនេះ ដែលប្រធានាធិបតីកំពុងកាន់អំណាចម្នាក់សម្រេចចិត្តដកខ្លួនចេញពីការប្រកួត។ ម្យ៉ាងវិញទៀត ប្រសិនបើត្រូវបាន តែងតាំងជាផ្លូវការពិតមែន នោះលោកស្រី Harris មានអាយុ៥៩ឆ្នាំ នឹងក្លាយជាស្ត្រីស្បែកខ្មៅដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកក្នុងនាមជាបេក្ខជនប្រធានាធិបតីអាមេរិក។
លោក ចូ បៃដិន មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីរូបលោកបានឆ្លងកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័កនៅឯផ្ទះរបស់លោកក្នុងទីក្រុង Rehoboth Beach, រដ្ឋ Delaware។ តាមប្រធានគណៈកម្មាធិការជាតិប្រជាធិបតេយ្យ លោក Jaime Harrison ប្រជាជនអាមេរិកនឹងបានដឹងពីគណបក្សប្រជាធិបតេយ្យពីជំហានបន្ទាប់ និងការដំណើរការនីតិវិធីតែងតាំងបេក្ខជនប្រធានាធិបតីរបស់បក្ស ក្នុងពេលឆាប់ៗ៕

Post a Comment