រដ្ឋមន្ដ្រីមហាផ្ទៃ និងប្រធាន IOM ពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការងារទេសន្តរប្រវេសន៍
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជន ទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់។
ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ
នៅថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរ
និងវាយតម្លៃខ្ពស់ ចំពោះលោកស្រីប្រធាន និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់
កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំង
ការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស
និងជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរ
ប្រវេសន៍ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី
បានថ្លែងអំណរគុណ អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជាទទួលបានជ័យលាភីទី៦
ក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ
និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក
ព្រមទាំងការបន្តគាំទ្រ ឱ្យមានកិច្ចសហការ និងការប្រជុំផ្លាស់ប្តូរយោបល់
ក្នុងនាមជាប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការគាំទ្រឱ្យកម្ពុជា
ធ្វើជាសហប្រធាន ជាមួយក្រុមបណ្តាញអង្គការសហប្រជាជាតិ
ពាក់ព័ន្ធទេសន្តរប្រវេសន៍ក្នុងតំបន់ និងដឹកនាំកិច្ចប្រជុំជាមួយក្រុម
ប្រទេសជ័យលាភីក្នុងតំបន់ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ស សុខា
ក៏បានជម្រាបជូន លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា
ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តខ្ពស់
របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
នៅមូលដ្ឋាន និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់របស់
ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការពង្រឹងភាពធន់នឹងបម្រែបម្រួល អាកាសធាតុ។
ជាការឆ្លើយតប លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា
ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការរក្សានាមជាជ័យលាភី ក្នុងការ អនុវត្ត ។
លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់
ក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងទេសន្តរប្រវេសន៍៕
Post a Comment