ប្រមុខការទូត៖ អ៊ុយក្រែនបើកចំហចរចាជាមួយរុស្ស៊ី ប្រសិនបើរុស្ស៊ីបង្ហាញភាពស្មោះត្រង់
ប្រភព៖ Reuters
គៀវ៖ លោក Dmytro
Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានបញ្ជាក់ជំហររបស់អ៊ុយក្រែនថា
ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម។
ប៉ុន្តែលោកបានគូសបញ្ជាក់ថា ការចរចានោះអាចកើតមានឡើងបាន
លុះត្រាតែរុស្ស៊ីបង្ហាញឆន្ទៈចរចាដោយស្មោះត្រង់
និងបញ្ឈប់សកម្មភាពឈ្លានពានទាំងស្រុង។
ការកត់សម្គាល់របស់លោក Kuleba បែបនេះក្នុងជួបពិភាក្សាជាមួយសមភាគីចិន លោក Wang Yi នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីថ្ងៃពុធនេះ ដែលមានរយៈពេលជាងបីម៉ោង ផ្តោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយសន្តិភាព ចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានអូសបន្លាយជាងពីរឆ្នាំមកហើយ។ លោក Kuleba បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនទាន់បានបង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ថា ខ្លួនពិតជាចង់បញ្ចប់សង្គ្រាមនោះឡើយ។
ក្នុងជំនួបពិភាក្សានៅទីក្រុងក្វាងចូវ
លោក Wang
Yi បានអំពាវនាវឱ្យភាគីទាំងពីរចរចាគ្នា ដើម្បីបញ្ចប់សង្គ្រាម
និងស្វែងរកសន្តិភាព។ លោកក៏បានបង្ហាញក្តីបារម្ភអំពីស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន
និងបានសន្យាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ។
ទោះបីជាចិនមិនបានថ្កោលទោសជាសាធារណៈ ចំពោះការឈ្លានពានរបស់រុស្ស៊ីក៏ដោយ ក៏ប្រទេសនេះបានអះអាងថា
ខ្លួនគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនេះ។
ប្រទេសចិន
ដែលជាមិត្តសំខាន់របស់រុស្ស៊ី បានប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះនេះ។ យ៉ាងណាក៏ដោយ
ចិនក៏បានបង្ហាញការគាំទ្រចំពោះរុស្ស៊ី តាមរយៈការប្រកាសភាពជាដៃគូ «គ្មានដែនកំណត់»
និងការជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ
ពូទីន កាលពីពេលថ្មីៗនេះ។ ចិនក៏បានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច
និងការទូតដល់រុស្ស៊ីផងដែរ៕

Post a Comment