អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍បញ្ជាក់៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV)

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់បន្ថែម៤ចំណុច ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ( CLV)។

តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី២៥ កក្កដា នេះបានឲ្យដឹងថា ទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបកស្រាយយ៉ាងច្បាស់ៗ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ដើម្បីឲ្យពលរដ្ឋបានដឹងជ្រាប កាលពីថ្ងៃ២៣ កក្កដា រួច ហើយក៏ដោយ ក៏នៅមានមនុស្សមួយចំនួនតូច នៅតែបន្តលើកឡើងដោយបំភាន់ ឬដោយភ័ន្តច្រឡំដដែល។

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ពីចំណុច៤ថា ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយម មួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភ័ន្តច្រឡំមួយចំនួននោះឡើយ។ ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជា ធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។
ទី៤. គ្មានការអនុញ្ញាតឲ្យប្រជាពលរដ្ឋ ប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ ត្រីកោណនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំង៣ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ សន្តិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។ ប្រទេស នីមួយៗ រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយទន្ទឹមនឹងនោះ។

ទន្ទឹងនឹងនោះ ក៏គ្មានការអនុញ្ញាតឲ្យមានចលនា ចេញចូលរបស់ប្រជាពលរដ្ឋដោយសេរី ពោលគឺប្រទេសនីមួយៗ នៅតែគ្រប់គ្រងនិងរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមច្បាប់ជាធរមាន ដោយគ្មានការបង្កើតដែនដីថ្មីរួមគ្នា ណាមួយដូចការលើកឡើងនោះឡើយ៕





Powered by Blogger.