សម្តេចធិបតី សរសើរចំណាត់ការដ៏ឆាប់រហ័សរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលលក្ខខ័ណ្ឌចាយក្រដាសប្រាក់ដុល្លារ នៅខេត្តសៀមរាប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនូវចំណាត់ការដ៏ឆាប់រហ័ស ក្នុងការសម្រួលលក្ខខ័ណ្ឌចាយក្រដាសប្រាក់ដុល្លារចាស់ ប្រឡាក់ ឬខូចខាតខ្លះនៅខេត្តសៀមរាប។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា
ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា
នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក
និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ
ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត
បានបង្ហោះសារមានខ្លឹមសារដូច្នេះថា «ខ្ញុំសូមអរគុណ
និងកោតសរសើរចំពោះលោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញ
នូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌ
សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ
នៅខេត្តសៀមរាប។
បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក
ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត
ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub
Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។
ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា
នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក
និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ
ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។
ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប
បណ្ដាធនាគារឯកជនទាំងអស់ នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន
និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មី
របស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា
ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់
ឬប្រឡាក់បន្តទៀត»។
សូមជ្រាបថា
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ជា សិរី ទេសាភិបាល
ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ
ពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប
ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕



Post a Comment