ឯកឧត្តម ម៉ាង សុីណេត នាំអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋចំនួន២៤៥គ្រួសារក្នុងស្រុកស្ទឹងហាវ
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ម៉ាង សុីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន រួមទាំងភ្ញៀវកិត្តិយស នាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន២៤៥គ្រួសារ ក្នុងនោះមាន ជនចាស់ជរា ស្រ្ដីមេម៉ាយ ស្ដ្រីមានផ្ទៃពោះ ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតក្នុង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង សុីណេត ប្រធានស្ដីទីគណៈកម្មាធិការសាខា បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ឯកឧត្តម បានមានប្រសាសន៍ទៀតថា បងប្អូនដែលមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីអោយកូនបងប្អូននៅពេលសម្រាលមកមានសុខភាពល្អ ខួរក្បាលឆ្លាតវៃរៀនពូកែទៅថ្ងៃមុខនឹងជួយសម្រួលជីវភាពបងប្អូនធូរស្បើយ។ ហើយឯកឧត្តម ប្របានថ្លែងអរគុណដល់ក្រុមការងារកាកបាទក្រហមខេត្ត ស្រុក ឃុំ សង្កាត់ តែងតែចុះបំពេញការងារ មិនគិតអំពី យប់ ថ្ងៃ ឫភ្លៀងអ្វីឡើយ។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីសាខា ក៏បានផ្សព្វផ្សាយ ជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺអុតស្វា និងវិធីសាស្រ្តដើម្បីអោយសហគមន៍មានសុខភាពល្អ ហើយវិជ្ជាសង្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ដឹង និងវិធានការពារ សូមបងប្អូនថែសុខភាពអោយល្អប្រសើរ រស់នៅដោយប្រកាន់យកនូវអនាម័យល្អ ។
ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណដល់សប្បុរសទាំងអស់តែងតែឧបត្ថម្ភដល់សាខាជាថវិកាក៏ដូចជាសម្ភារៈនានា ដើម្បីសាខាបន្តសកម្មភាពមនុស្សធម៌បន្តទៀត។
សូមបញ្ជាក់ផងដែរថាសម្ភារៈសាខាផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ កន្ទេល១ ទឹកត្រី ១យួរ មី ១កេស ឃីត១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕











Post a Comment