ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២៤
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារខែកក្កដា និងលើកទិសដៅបន្ត ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ក្រុមចម្រុះនគរបាលខេត្តគ្រប់ក្រុម ក្រុមអន្តរាគមន៍ទាំងបី និងនាយប៉ុស្តិ៍រដ្ឋបាល សរុប១៥២នាក់។
តាមរបាយការណ៍ខែកក្កដា ដែលអានដោយលោកវរសេនីយ៍ឯក អ៊ូច កុម្ភៈ នាយការិយាល័យសរុបផែនការ បានបញ្ជាក់ថា ក្នុងខែកក្កដា កន្លងទៅនេះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម មានស្ថិរភាពល្អ ពុំមានបទល្មើសនិងបាតុភាព សង្គមកើតឡើងគួរកត់សំគាល់ទេ។ ទន្ទឹមនោះស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានរៀបចំកម្លាំងចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនថ្នាក់ដឹកនាំ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងពិធីបុណ្យផ្សេងៗ ដែលមានភ្ញៀវទេសចរណ៍ និងប្រជាជនមកលេងកំសាន្តយ៉ាងច្រើនកុះករផងដែរ។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានសំដែងនូវអំណរសាទរ និងការកោតសរសើរ ចំពោះសមិទ្ធិផលការងារដែលសំរេចបានកន្លងមក និងបានដាក់ចេញនូវ គោលការណ៍ និងវិធានការណ៍សំខាន់ៗដល់គ្រប់ផែន ការិយាល័យ អធិការនគរបាលក្រុង ស្រុក ក្រុមចម្រុះនគរបាលខេត្ត និងប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដើម្បីរួមសហការគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឱ្យបានលទ្ធផលជាវិជ្ជមានបន្តទៀត។
Post a Comment