អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលជាឧត្តមប្រយោជន៍ជាតិ
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិកាតូត ឃុំកំភុន ក្នុងស្រុកសេសាន កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់មន្ត្រីរាជការគ្រប់មន្ទីរអង្គភាពទាំងអស់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង សូមចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកតេជោហ្វូណនដែលជាឧត្តមប្រយោជន៍របស់ជាតិ ហើយនិងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្តថាក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមស្នើឱ្យថ្នាក់ដឹកនាំក្រុង.ស្រុក.ឃុំ.សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិភាគតិច ទាំងអស់ដែលកំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង កុំជឿតាមការញោះញុងឱ្យមានបញ្ហានៅក្នុងប្រទេស តាមរយៈការនៅពីក្រោយរបស់ក្រុមប្រឆាំងអគតិមួយចំនួន ដែលមានចេតនាមិនចង់ឱ្យប្រទេសកម្ពុជារបស់យើងមានសេចក្តីសុខ ។
ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានប្រកាសគាំទ្រនូវសាររបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលលោកបានថ្លែងពន្យល់កាលពីពេលថ្មីៗនេះ អំពីអត្ថប្រយោជន៍ និងគំនិតផ្តួចផ្តើមមួយចំនួន ដែលក្រុមអគតិបានយកទៅបំផ្លែងបំភ្លៃបំភ្លើសធ្វើឱ្យមានការយល់ច្រឡំទៅលើប្រមុខថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង ។
ឯកឧត្តមបន្តថាគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ ថ្នាក់ដឹកនាំគ្រប់រូបតែងតែមានវត្តមាននៅទីនេះជាមួយពុកម៉ែបងប្អូន ទន្ទឹមនេះ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា លោកមិនដែលបោះបង់ចោលបងប្អូនប្រជាពលរដ្ឋមួយពេលណាឡើយ ហើយលោកក៏មានគោលជំហរ និងការប្ដេជ្ញាចិត្ត មិនទុកឱ្យប្រជាពលរដ្ឋ១រូបណាឱ្យស្ថិតនៅក្នុងស្ថានភាពឯកោដែរ ។ ដូច្នេះយើងទាំងអស់គ្នានៅទីនេះ និងនៅទូទាំងខេត្តស្ទឹងត្រែង ក៏ត្រូវតែបង្ហាញនូវស្វាមីភ័ក្រ្តនៅក្នុងការគាំទ្រដាច់ខាតចំពោះព្រះមហាក្សត្ររបស់យើង ចំពោះប្រមុខដឹកនាំជាតិរបស់យើង រួមមានរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ទប់ស្កាត់កុំឱ្យក្រុមអគតិ និងក្រុមបំភ្លៃការពិតទាំងអស់ មកធ្វើឲ្យដំណើរនៃការអភិវឌ្ឍន៍ជាតិរបស់យើងធ្លាក់ថយក្រោយនោះទេ ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ស្នើសុំឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់គ្រប់មូលដ្ឋាន ព្រមទាំងព្រះសង្ឃ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលរស់នៅក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ សុំឱ្យមានការគោះត្រដោកនៅតាមផ្ទះ ទូងស្គរនៅតាមទីវត្តអារាម និងវាយស្គរនៅគ្រប់មន្ទីរ អង្គភាពទាំងអស់គ្រប់មូលដ្ឋាន ដើម្បីជាការអបអរសាទរនៅពិធីបើកការដ្ឋានព្រែកជីកតេជោហ្វូណនដែលជាឧត្តមប្រយោជន៍របស់ជាតិយើង៕
Post a Comment