ត្រាំ ថាទទួលបានសារដ៏មានអត្ថន័យពីលោក ស៊ី ជីនពីង ក្រោយការប៉ងធ្វើឃាត​

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើសារមួយជូន រូបលោក បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រងរបួសត្រង់ស្លឹកត្រចៀក អំឡុងការប៉ុនប៉ងធ្វើឃាតមួយកាលពីសប្ដាហ៍មុន។

លោក ដូណាល់ ត្រាំ ធ្វើការអះអាងបែបនេះទៅកាន់ក្រុមអ្នកគាំទ្ររបស់លោក ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងមួយក្នុងទីក្រុង Grand Rapids រដ្ឋ Michigan ចាប់តាំងពីរូបលោកគេចផុតពីការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «គាត់ (លោក ស៊ី ជីនពីង) បានផ្ញើជូនខ្ញុំ នូវ សារមួយដ៏មានអត្ថន័យកាលពីប៉ុន្មានថ្ងៃមុននេះ នៅពេលដែលគាត់បានដឹងពីអ្វីដែលបានកើតឡើង...ខ្ញុំ និងលោកប្រធានាធិបតី ស៊ី ពិតជារាប់អានគ្នាណាស់»។ លោក ត្រាំ ក៏បានលើកឡើងពីសារដែលលោកទទួលបានពីមេដឹកនាំពិភពលោកដទៃ ក្រោយការបាញ់ប្រហារនៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋ Pennsylvania ផងដែរ៕



Powered by Blogger.