អភិបាលខេត្តកែបឱ្យរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរ គ្រឿងស្រវឹងគ្រប់ប្រភេទ ដោយជំនួសមកវិញផ្ទាំងអបអរសាទរពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែបបានបញ្ជាឱ្យរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរ គ្រឿងស្រវឹងគ្រប់ប្រភេទតាមដងផ្លូវសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ដោយជំនួសមកវិញនូវសារគាំទ្រ និងអបអរសាទរពិធីបេីកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។
លោក សោម ពិសិដ្ឋ
អភិបាលខេត្ដកែប បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះថា
លោកបានឲ្យមន្ដ្រីជំនាញ និងអាជ្ញាធរក្រុង-ស្រុក ទូទាំងខេត្ដកែប
រៀបចំលើកផ្ទាំងអបអរសាទរពិធីបើកការដ្ឋាន សាងសង់គម្រោងព្រែកជីកហ្វូណនតេជោ
លើផ្ទាំងប៉ាណូតាមដងផ្លូវសំខាន់ៗ។
លោកបានអំពាវនាវឲ្យនៅតាមមន្ទីរ-អង្គភាព, ទីតាមវត្ដអារាម,
ព្រះសង្ឃ, មន្ត្រីរាជការ
ប្រជាពលរដ្ឋនៅទូទាំងខេត្ដ ចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្របន្ថែមទៀត
សម្រាប់កូនខ្មែរ តាមរយៈការវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយ ដែលបង្កើតបានសំឡេង។
ទន្ទឹមគ្នានេះ
លោក សោម ពិសិដ្ឋ
ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដ៏ធំជាប្រវត្តិសាស្ត្រនេះ
ដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន
អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា
និងដែលបន្តជំរុញការអនុវត្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ឲ្យលេចចេញជារូបរាង ក្នុងពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា
គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា
ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ
គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះ
នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា
កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់
ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា
និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម
តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម
ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា
ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ -ល-។
និយាយជារួម
គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង
ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕
Post a Comment