បាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង ធ្លាក់ក្នុងបរិវេណវិមានប្រធានាធិបតីកូរ៉េខាងត្បូង
ប្រភព៖ AFP
សេអ៊ូល៖ ក្រុមមន្ត្រីសន្តិសុខកូរ៉េខាងត្បូងបាននិយាយថាបាឡុងផ្ទុកសំរាមមួយចំនួនបង្ហោះដោយកូរ៉េខាងជើង បានធ្លាក់ក្នុងបរិវេណ វិមានប្រធានាធិបតី នៅថ្ងៃពុធ ទី២៤ ខែកក្កដានេះ ដោយជំរុញឱ្យសេអ៊ូលដាក់ពង្រាយក្រុមអ្នកជំនាញខាងសារធាតុគីមី។
មន្ត្រីសន្តិសុខប្រចាំវិមានប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាក្រុមអ្នកជំនាញខាងសារធាតុគីមី
ជីវសាស្ត្រ និងសារធាតុវិទ្យុសកម្ម បានប្រមូលបាឡុងសំរាម ទាំងនោះដោយសុវត្ថិភាព
ហើយក្រោយការវិភាគ ជាលទ្ធផលបញ្ជាក់ថាមិនមានសារធាតុគ្រោះថ្នាក់
ឬសារធាតុចម្លងជំងឺណាមួយត្រូវបានរកឃើញនោះទេ។
នេះជាលើកដំបូងបំផុត
ដែលបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើង
ធ្លាក់ក្នុងបរិវេណការិយាល័យមេដឹកនាំកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល
ដែលត្រូវបានការពារយ៉ាងមាំទាំ ដោយទាហានជាច្រើន និងជាតំបន់គ្មានការហោះហើរ
ចាប់តាំងពីទីក្រុងព្យុងយ៉ាង
ផ្ដើមធ្វើយុទ្ធនាការបោះបង្ហោះបាឡុងសណ្ដោងសំរាមចូលដីកូរ៉េខាងត្បូង កាលពីខែឧសភា មក។
បើតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើង
បានបង្ហោះបាឡុងចូលដីកូរ៉េខាងត្បូងសាជាថ្មី ខណៈអាជ្ញាធរទីក្រុងសេអ៊ូលចេញសារអាសន្ន
នៅព្រឹកថ្ងៃពុធនេះជាមួយការព្រមានកុំឱ្យប៉ះពាល់បាឡុងទាំងនោះឱ្យសោះ
ហើយបើប្រទះឃើញត្រូវរាយការណ៍ជូនអាជ្ញាធរ៕
Post a Comment